ភ្នំពេញ៖ មន្ត្រីនគរបាល ពាក់ស័ក្ក១ ម្នាក់បម្រើការ នៅអធិការដ្ឋាននគរបាល ស្រុកឆែប បានទាញកាំភ្លើងបាញ់ទៅលើគោដែលចូលស៊ីដំឡូង បណ្តាលឱ្យងាប់២ក្បាលភ្លាម។ហេតុការណ៍នេះបានកើតឡើងស្ថិតនៅភូមិឆែបលិចឃុំឆែបស្រុកឆែប ខេត្តព្រះវិហារ កាលពីម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី១ខែឩសភាឆ្នាំ២០២១។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា មន្ត្រីនគរបាលចិត្តឆេវឆាវនោះ ឈ្មោះអៀ គាវាសនា ជានគរបាលស្រុកឆែប បានបាញ់ គោរបស់ពួកគាត់ ដែលបានចូលទៅស៊ីដំណាំ បន្តិចបន្តួចសោះ បណ្តាលឱ្យងាប់២ក្បាល នោះត្រូវបានដកបញ្ឈរជើង ពីការងារហើយ។
តាមការបញ្ជាក់ ពីលោកឈូន ម៉ាឌី អធិការនគរបាលស្រុកឆែប បានឱ្យដឹង នៅល្ងាចថ្ងៃទី១ ឧសភា នេះថាហេតុបណ្តាលឱ្យមានករណីបាញ់សម្លាប់ គោ របស់ប្រជាពលរដ្ឋនោះ មូលហេតុថាច្រើន លើកច្រើនសារហើយ ដែលសត្វគោបងប្អូន បានចូលទៅស៊ីដំណាំ មន្ត្រីនោះ។
ឈ្មោះ អៀ គាវាសនា ដែលជាម្ចាស់ដំណាំ បានជំរាបទៅដល់ម្ចាស់គោ ក៏ដូចជាមេភូមិ និងមេឃុំ ឱ្យទៅប្រាប់ម្ចាស់គោ ជាច្រើនលើកច្រើនសាដែរ។ តែការប្រាប់នេះម្ចាស់គោ នៅតែមិនស្តាប់ ព្រលែងគោ មកស៊ីដំណាំទៀតទើបឈ្មោះ អៀ គាវាសនា ដែលជាម្ចាស់ចម្ការ ក៏បានបាញ់ ទៅលើគោនោះតែម្តង។
លោកបន្តថា បើទោះបីយ៉ាងណាបច្ចុប្បន្ន លោកបានកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ ដើម្បីចាត់កាបន្ត។
ដោយឡែកលោក អៀ គាវាសនា ដែលជាអ្នកបាញ់បោះសេរី អាងខ្លួនជាមន្ត្រីនគរបាលនោះ បានឆ្លើយថាលោកបានបញ្ចប់រឿងទាំងនេះ ជាមួយនិងម្ចាស់គោរួច ហើយដោយសង់ទៅម្ចាស់គោចំនួន៥លានរៀល ដើម្បីបញ្ចប់រឿង ៕






