ជិះគេចឡាន ធ្លាក់ចូលលូទឹកស្អុយ ទាំងម្ដាយនិងកូន

0

ភ្នំពេញ ៖ ស្ត្រីជាម្ដាយនិងកូនស្រីតូច ខណៈជិះម៉ូតូគេចពីរថយន្ដកំពុងតែកកស្ទះចរាចរ ក៏ជ្រុលធ្លាក់ចូលលូទឹកស្អុយ បង្កការភ្ញាក់ ផ្អើលដល់កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋនាំគ្នាជួយស្រង់ឡើងលើភ្លាមៗ មិនបណ្តាលឱ្យរងគ្រោះថ្នាក់អ្វីនោះទេ ។

ហេតុការណ៍ខាងលើនេះ បានបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧យប់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ តាមដងផ្លូវមហាវិថីឈ្នះឈ្នះ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីជាម្តាយ និងកូនស្រីតូចខាងលើ មិនស្គាល់អត្តសញ្ញាណនោះទេ បានជិះម៉ូតូមួយគ្រឿងម៉ាកធូរដេ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HU-7484 បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនមធ្យម គេចពីរថយន្ដធ្លាក់ចូលលូទឹកស្អុយ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុ ដោយមានការបិទប៉ារាស់ខ្ទប់កុំអោយរថយន្ដ ធុនធំបើកចូលក្នុងរាជធានីភ្នំពេញ មុនម៉ោង ៨យប់ ទើបមានការកកស្ទះរថយន្ដជាច្រើន ខណៈពេលនោះដែរ ក៏មានស្រី្ដម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកធូដេមានឌុបកូនស្រីតូចពីក្រោយ បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុ ល្បឿនលឿនមធ្យម ហើយបានជ្រែគេចពីរថយន្ដ ក៏ជ្រុលធ្លាក់ចូលលូទឹកស្អុយ។ ភ្លាមៗនោះសមត្ថកិច្ច និងប្រជាពលរដ្ឋ ក៏នាំគ្នាស្ទុះទៅជួយស្រង់ ជនរងគ្រោះទាំងពីរ ម្ដាយ និងកូនចេញពីក្នុងលូទឹកស្អុយ ដោយមិនមានរងរបួសអ្វីនោះទេ គ្រាន់តែទទឹកខ្លួនជោក ចំណែកម៉ូតូ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាស្រង់លើកយកមកតាមក្រោយដែរ តែលែងដំណើរការទៅហើយ។ បន្ទាប់មកកម្លាំងសមត្ថកិច្ច ប្រចាំការនៅគោលដៅបិទខ្ទប់ បានទាក់ទងទៅក្រុមគ្រួសាររបស់ស្ត្រីខាងលើ ដើម្បីអោយមកទទួលយក នៅចំណុចកើតហេតុខាងលើ ។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារក៏បានមកដឹកយកស្ត្រីជាម្ដាយ និងកូនស្រីតូច ព្រមទាំងម៉ូតូដែលខូច ត្រឡប់ទៅផ្ទះវិញផងដែរ ៕