ចៅហ្វាយខេត្តព្រះសីហនុ! កត្តាធំៗពីរ ដែលបង្កឱ្យមានមនុស្សស្លាប់ ដោយសារកូវីដ១៩

0

ភ្នំពេញ ៖ ក្នុងន័យអប់រំ និងដាស់តឿនប្រជាពលរដ្ឋ ឱ្យអនុវត្តន៍ នូវវិធានការរបស់ រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព សំដៅកាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ លោក គួច ចំរើន បានលើកឡើងពី មូលហេតុចំនួនពីរ ដែលបង្កឱ្យមានមនុស្សស្លាប់ ដោយសារដ៏កាចសាហាវនេះ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានក្រើនរម្លឹក និងអំពាវនាវជូនសាធារណជនក្នុងខេត្តព្រះសីហនុឱ្យបានជ្រាបថា ប្រសិនបើសាធារណៈជនមានការសង្ស័យ ឬមានការប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានផ្ទុកវីរុសកូវីដ-១៩ ត្រូវទៅយកសំណាកឱ្យបានលឿនជាទីបំផុត នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានជូនដំណឹងកន្លងមក ម្យ៉ាងការយកសំណាកនេះគឺដើម្បីវិភាគរកមេរោគកូវីដ-១៩ បានទាន់ពេលវេលា ហើយវាជាវិធានការណ៍មួយដ៏ល្អសម្រាប់ខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិរបស់យើង។

លោក គួច ចំរើន បានបញ្ជាក់ថាការធ្វេសប្រហែស ការបណ្តែតបណ្តោយ ឬការភ័យខ្លាចវាជាដើមចមមួយ ដែលធ្វើឱ្យខ្លួនយើង ក្រុមគ្រួសារយើង ជួបហានិភ័យធ្ងន់ធ្ងរ រហូតបាត់បង់អាយុជីវិតថែមទៀតផង យ៉ាងណាម៉ិញនៅខេត្តព្រះសីហនុរបស់យើងមានមនុស្សប្រុស-ស្រីចំនួន ៥នាក់ហើយ ដែលបានបាត់បង់អាយុជីវិតដោយសារតែជំងឺកូវីដ-១៩ កើតឡើងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:។

លោកអភិបាលបញ្ជាក់ថា «ហើយមូលហេតុ ដែលបង្កឱ្យមានមនុស្សស្លាប់នេះ គឺបណ្តាលមកពីកត្តាធំៗពីរ ទី១.ការធ្វេសប្រហែសមិនព្រម ទៅយកសំណាកវិភាគ រកមេរោគកូវូដ-១៩ និងទី២.ការតក់ស្លុត នៅពេលដឹងថាខ្លួន មានវីរុសកូវីដ-១៩» ។

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា នៅពេលយើងមានការសង្ស័យ នូវអាការ:ណាមួយ ឬបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នក មានវិជ្ជមានកូវីដ-១៩ ត្រូវទៅយកសំណាក វិភាគរកមេរោគកូវីដ និងប្រឹក្សាយោបល់ ជាមួយក្រុមគ្រូពេទ្យភ្លាម អ្នកជំងឺទាំងអស់ នឹងព្យាបាលជាសះស្បើយ១០០ភាគរយ។ ប្រសិនបើយើងទុកដល់ពេលវីរុសកូវីដ-១៩ វាយលុកធ្ងន់ធ្ងរ ទើបយើងចូលពេទ្យ វាពិបាកក្នុងការព្យាបាល ហើយមានហានិភ័យដល់អាយុជីវិតខ្ពស់បំផុត ៕