អាជ្ញាធរ បិទសកម្មភាពចរាចរ ក្នុងក្រុងប៉ោយប៉ែត ពីម៉ោង៨យប់ ដល់ម៉ោង ៥ព្រឹក ជាកំហិត

0

ភ្នំពេញ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានសម្រេចដាក់ចេញវិធានការរដ្ឋបាលបណ្ដោះអាសន្ន ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត រយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៩ ខែសឧភា ឆ្នាំ២០២១ ខាងមុខ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

យោងតាមសេចក្ដីសម្រេចរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹថា សម្រាប់វិធានការរដ្ឋបាលបណ្ដោះអាសន្ននេះ ត្រូវបានផ្អាកនូវសកម្មភាពធ្វើចរាចរណ៍ឆ្លងកាត់ភូមិសាស្ដ្រក្រុងប៉ោយប៉ែត ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ជាកំហិត តែត្រូវបានលើកលែងករណីចាំបាច់មួយចំនួន រួមមាន៖

ទី១-ការដឹកជញ្ជូនទំនិញធុនធ្ងន់មកពីព្រំដែនថៃ មកព្រំដែនកម្ពុជា និងពីព្រំដែនកម្ពុជា ទៅព្រំដែនថៃ។

ទី២-ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។

ទី៣-ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ដ្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព។

ទី៤-ការធ្វើចរាចរណ៍របស់រថយន្ដកុងតឺនឺ រថយន្ដសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្ដបាញ់បេតុង រថយន្ដដឹកជញ្ជូនសំរាម សំណល់រឹង និងសំណល់វេជ្ជសាស្ដ្រ

និងទី៥-ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕