ភ្នំពេញ៖ ប្តីប្រពន្ធ ១គូ ជាអាជីវករផ្សារដើមគ បានលួចរត់ចេញពីរាជធានីភ្នំពេញ មកស្រុកកំណើត នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ១៩ និងបានប៉ះពាល់មនុស្ស ២១នាក់។
បើតាមលោក អំ ណារ័ត្ន អនុប្រធានមណ្ឌលសុខភាពឃុំព្រែកដំបូក បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងខាងលើភ្លាម នៅយប់ថ្ងៃទី២៥ មេសា លោកបានដឹកនាំគ្រូពេទ្យចុះទៅស្រាវជ្រាវរក អ្នកពាក់ព័ន្ធជាមួយអ្នកទាំង ២នាក់ ក្នុងនោះរកឃើញអ្នកប៉ះពាល់ផ្ទាល់ ជាសាច់ញាតចំនួន ៩នាក់ ទី១មានឈ្មោះ ហ៊ាង អ៊ាហួយ អាយុ៧៦ឆ្នាំ ត្រូវជាយាយ ទី២.ឈ្មោះ ហួរ មួយឈ័រ ត្រូវជាម្តាយ ទី៣. ឈ្មោះ ហ៊ាង អេងលី អាយុ៥៣ឆ្នាំ ត្រូវជាឪពុក ទី៤.ហួរ មួយឈីម ត្រូវជាម្តាយមីង ទី៥.ឈ្មោះ កញ្ញា ភេទស្រី អាយុ៤ឆ្នាំ ត្រូវជាកូនបង្កើត ទី៦.ឈ្មោះម៉េង យីវ៉េង ភេទប្រុសអាយុ៧ឆ្នាំ ត្រូវជាក្មួយ ទី៧.ឈ្មោះលីស៊ីណាក់ ភេទប្រុសអាយុ១៨ឆ្នាំត្រូវជាប្អូនបង្កើត ទី៨ ឈ្មោះលី រតនាភេទប្រុស អាយុ១១ឆ្នាំ ត្រូវជាប្អូនបង្កើត ទី៩ ឈ្មោះលី ម៉េងនាង ភេទស្រី អាយុ១៣ឆ្នាំ ត្រូវជាប្អូនបង្កើត។ និងបានប៉ះពាល់ប្រយោល ១២នាក់ទៀត ដែលត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក តាមផ្ទះ ដើម្បីតាមដានសុខភាព ។
សូមបញ្ជាក់ថា ប្តីប្រពន្ធ ដែលឆ្លងកូវីដ១៩នោះ ប្តីមានឈ្មោះ ង៉ុយ អាន់ អាយុ២៣ឆ្នាំ និងប្រពន្ធឈ្មោះ ណយ ស្រីកែវ អាយុ២០ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារដើមគ បានគេចចេញពីភ្នំពេញ កាលពីថ្ងៃទី២៣ មេសា ។ ដោយមានអាការៈមិនសូវស្រួលខ្លួន បានចូលទៅព្យាបាលនៅពេទ្យព្រែកតាម៉ាក់ ហើយបានបន្តដំណើរមកដល់ភូមិព្រែកដំបូកក្រោម នៅម៉ោង ១១ព្រឹកថ្ងៃទី២៤ មេសា