ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)បានលើកឡើងថា លោកស្រី និងលោកអ្នកអាចគេងលក់ស្រួលបាន ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា អាចត្រូវបានការពារ និងអាចជួយសង្គ្រោះ អាយុជីវិត ពីការវាយប្រហារ ពីវីរុសកូវីដ-១៩។
តាមរយៈសារផ្ញើទៅកាន់ បងប្អូនជនរួមជាតិនៅ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងក្នុងន័យដើមទាំងស្រុងថា ខ្ញុំសូមលើកទឹកចិត្ត បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ឱ្យអនុវត្តតាមវិធានការណ៍ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញរួចហើយ។សុខភាពរបស់លោកអ្នក មានសារៈសំខាន់ជាងអ្វីៗទាំងអស់ ហើយលោកអ្នក ត្រូវតែការពារពីការចម្លង ជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ដោយចាប់ផ្តេីមធ្វេីសក្មភាព ចេញពីបុគ្គលម្នាក់ៗ និងរួមសាមគ្គីគ្នាធ្វេីសកម្មភាពឆ្លេីយតបពីឥឡូវនេះ។
ការចាក់វ៉ាក់សាំង កូវីដ-១៩ គឺជាជម្រេីសមួយរួម ជាមួយជម្រេីសដទៃទៀត របស់លោកអ្នក ក្នុងការអនុវត្តន៍វិធានការណ៍ បង្ការជំងឺកូវីដ-១៩ ដែលអាចការពារលោកអ្នកបាន ហេីយដែលតម្រូវឲ្យបុគ្គល និងប្រជាជន ចាំបាច់មានវិន័យត្រឹមត្រូវ និងការយល់ដឹងចាំបាច់ ខណៈពេលដែលកំពុងស្វែងរកសេវាកម្មចាក់វ៉ាក់សាំងនៅតាមទីតាំងណាមួយដែលប្រកាសដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ព្រមទាំងការអនុវត្តន៍ឱ្យបានពេញលេញនូវវិធានការ ៣ការពារ និង៣កុំ។
នៅផ្ទះ គឺជាជម្រេីសដ៏ល្អមួយ សម្រាប់ការពារការចម្លងជំងឺកូវីដ-១៩។
វិធានការបិទខ្ទប់គឺជាវិធានការបណ្តោះអាសន្ន ប៉ុណ្ណោះដែលមានពេលកំណត់ មិនមែនជាការចាក់សោរ ជារៀងរហូតដែលមនុស្ស មិនអាចធ្វេីអ្វីបាននោះឡេីយ។ វាជាការចាំបាច់ណាស់ ដែលយេីងត្រូវរៀបចំ ទុកជាមុន មុននឹងពេលដេីរចេញពី វិធានការបិទខ្ទប់ បើមិនដូច្នោះទេ ការផ្ទុះឡេីងនូវការចម្លង រាលដាលខ្លាំងថ្មី មួយទៀត នឹងអាចកេីតឡេីង ហេីយអាចមានគ្រោះថ្នាក់ខ្លាំងជាងនាពេលនេះទៅទៀត ព្រោះនៅពេលនោះ មនុស្សគ្រប់គ្នាទាំងអ្នកចាត់ចែងដាក់វិធានការ និងអ្នកដែលត្រូវអនុវត្តវិធានការទប់ស្កាត់ការចម្លង ជំងឺដ៏កាចសាហាវនេះ មានការហត់នឿយ និងអស់ថាមពលទៅហេីយ ចុះទម្រាំ មានការផ្ទុះចេញសារជាថ្មីទៀតនោះ នៅពេលដែលកម្លាំងយេីង មិនទាំងទាន់បានស្រាកស្រាន្ត ផងនោះ ឫអាចនិយាយបានថា អស់ថ្ម តែថ្មនោះមិនទាន់ទាំងបានសាកបញ្ចូលពេញវិញផង តេីនឹងក្លាយទៅជា យ៉ាងណា? ធនធានប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការចម្លងដែលជានិន្នាការចម្លងមួយដែលអាចកេីតមានជាបន្តបន្ទាប់ ប្រសិនបើបុគ្គលម្នាក់ៗ និងសហគមន៍ មិនធ្វើសកម្មភាពជាមួយគ្នា ជួយគ្នា ដើម្បីការពារការផ្ទុះឡេីងនូវការឆ្លងវីរុសកូវីដ-១៩ សារជាថ្មីឡើងវិញ បន្ទាប់ពីការដេីរចេញពីវិធានការបិទខ្ទប់នាពេលខាងមុខ (ទោះជាការដេីរចេញនូវវិធានការបិទខ្ទប់អាចកេីតមានក្នុងពេលឆាប់ ឫយូរក៏ដោយ)។ ខ្ញុំសឹងតែមិនហ៊ានគិតដល់ចំណុចនោះទេ តែខ្ញុំត្រូវតែបង្ហាញជាមុន ដេីម្បីជូនដល់លោកអ្នក មានការប្រុងប្រយ័ត្នលេីចំណុច នេះទាំងអស់គ្នា។
បុគ្គលគ្រប់រូប អាចមានសុវត្ថិភាព ពីការឆ្លងជំងឺកូវីដ-១៩បាន ប្រសិនបើមនុស្សគ្រប់គ្នា អាចផ្លាស់ប្តូរអាកប្បកិរិយាផ្ទាល់ខ្លួនបានទាន់ពេល និងបានលឿនជាងការវាយលុករបស់វីរុសកូវីដ-១៩ ដោយសម្របខ្លួន ឱ្យបានជាមួយនឹង ជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី។ រាល់ទីតាំងដែលបិទជិត ឫជាកន្លែងប្រមូលផ្តុំមនុស្សច្រេីន ដូចជាហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន រោងកុន ទីផ្សារ និងរោងចក្រ-សហគ្រាដស ជាដើម ម្ចាស់ទីតាំង និងអតិថិជន ត្រូវតែគោរព និងអនុវត្តយ៉ាងហ្មត់ចត់នូវវិធានការណ៍បង្ការជំងឺ ដែលណែនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយក្រសួងសុខាភិបាល ដូចជាពាក់ម៉ាស់ លាងដៃឱ្យបានត្រឹមត្រូវ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១,៥ ម៉ែត្រឡេីងជាដេីម។
ប្រសិនបើយើងមិន ចង់វិលត្រឡប់ ទៅរកស្ថានភាព បិទខ្ទប់វិញទេនោះ បុគ្គលម្នាក់ៗ ត្រូវរៀនសូត្រសម្រាប់ ការផ្លាស់ប្តូររបៀប រស់នៅ របស់លោកអ្នកទៅរក ស្ថានភាពធម្មតា តែមានការប្រុងប្រយ័ត្ន ការពារដូចបានរៀបរាប់ ខាងលើ។ ខ្ញុំសូមជូនពរបងប្អូនទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពពីការចម្លងជំងឺកូវីដ-១៩។ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងស់ ដែលបានចូលរួម សហការ គ្នាដើម្បីប្រយុទ្ធ ជាមួយសត្រូវអត់ស្រមោល កូវីដ-១៩នេះ!៕