ភ្នំពេញ៖ បញ្ជាក់បន្ថែមពី លើសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល លេខ៥៣ សសរ ចុះថ្ងៃទី២៥ មេសា ឆ្នាំ២០២១នេះ ស្តីពីការបញ្ចប់ការហាមឃាត់ ការធ្វើដំណើរ និងការបញ្ចប់ ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អះអាងថាភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលនៅតែបន្តបិទខ្ទប់ដដែល ។
លោក ឃួង ស្រេង បានឲ្យដឹងថា “ចំពោះការបើកនេះ គឺបើកតែខេត្តផ្សេងៗទៀត ដែលមានទំនាក់ទំនង ពីខេត្តមួយទៅខេត្តមួយ ដោយឡែករាជធានីភ្នំពេញ ត្រូវអនុវត្តសេចក្តីសម្រេចដដែលដូច្នេះសូមឲ្យពិនិត្យ លើសេចក្តីសម្រេចនេះ ហើយអនុវត្ត តាមសេចក្តីសម្រេច អនុវត្តសេចក្តីសម្រេច លេខ៥៣នេះ ឲ្យបានល្អប្រសើរ” ។សូមបញ្ជាក់ឡើងវិញថា រាធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវរក្សាធាតុដើម នៃការបិទខ្ទប់ដដែល យើងនៅបិទខ្ទប់ដដែល” ។
សូមរំលឹកថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបញ្ចប់ ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទ រមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។ ប៉ុន្តែការធ្វើដំណើរចេញចូល ឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាតំបន់បិទខ្ទប់ ត្រូវបានហាមឃាត់ ដដែលរួមទាំងតំបន់បិទខ្ទប់ ផ្សេងទៀតដែលសម្រេច ដោយរដ្ឋបាលខេត្តនានា លើកលែងតែការធ្វើដំណើរ ដើម្បីបំពេញមុខងារក្នុងការផ្តល់សេវា សង្គ្រោះបន្ទាន់ សេវាសាធារណៈ ចាំបាច់និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ដោយអនុវត្តតាមសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល៕