ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានជូនជាយោបល់ថា ត្រូវដាក់ប៉ុស្តិ៍ពិនិត្យ មេរោគកូវីដ១៩ នៅតាមព្រំប្រទល់ខេត្តនីមួយៗ ហើយធ្វើតេសរក មេរោគកូវីដ លើពលរដ្ឋ ដែលចេញពីទីតាំង ហានិភ័យជាមុនសិន ចាំឲ្យចូលខេត្តនីមួយៗ ខណៈរាជរដ្ឋាភិបាល បញ្ចប់ការហាមឃាត់ ធ្វើដំណើរនិងបញ្ចប់ ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។
សូមរំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តី សម្រេចបញ្ចប់ ការហាមឃាត់ ធ្វើដំណើរនិងបញ្ចប់ការបិទ រមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។ ប៉ុន្តែការធ្វើដំណើរចេញចូល ឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាតំបន់បិទខ្ទប់ ត្រូវបានហាមឃាត់ដដែល រួមទាំងតំបន់បិទខ្ទប់ ផ្សេងទៀត ដែលសម្រេចដោយ រដ្ឋបាលខេត្តនានា លើកលែងតែ ការធ្វើដំណើរ ដើម្បីបំពេញមុខងារ ក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់និងបន្ទាន់ សេវាពាក់ព័ន្ធនឹង ការងារសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ដោយអនុវត្តតាមសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៥ ខែ មេសា នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា«រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេច បញ្ចប់ការហាមឃាត់ ធ្វើដំណើរនិងបញ្ចប់ ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។ ខ្ញុំសូមជូនជាយោបល់មួយ នៅក្នុងការធ្វើដំណើរ របស់ពលរដ្ឋ ដែលចេញពីភូមិសាស្រ្ត ដែលឆ្លងមេរោគកូវីដខ្លាំង គឺតាមបណ្តាខេត្តត្រូវដាក់ ប៉ុស្តិ៍ពិនិត្យមេរោគកូវីដ19 នៅតាមព្រំប្រទល់ខេត្តនីមួយៗ ហើយធ្វើតេសរកមេរោគកូវីដ លើពលរដ្ឋ ដែលចេញពីទីតាំង ហានិភ័យជាមុនសិន ចាំឲ្យចូលខេត្តនីមួយៗ» ៕