ភ្នំពេញ៖ កម្លាំងនគរបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម បានឃាត់ខ្លួនជនជាតិចិន ៥នាក់ យកទៅធ្វើចត្តាឡីស័ក ក្រោយលួចធ្វើដំណើរតាមរយយន្តតាក់ស៊ី ពីភ្នំពេញ ទៅកំពង់ចាម ក្នុងគោលបំណងមកលេងមិត្តភក្តិ នៅស្រុកព្រៃឈរ ។
លោកកែវ ស៊ាងហ៊ាន់ អធិការស្រុកព្រៃឈរ បានឲ្យដឹងថា នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមកម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន៥នាក់ (មិនមានលិខិតឆ្លងដែន) ។
លោកបញ្ជាក់ថា អ្នកទាំង៥នាក់ខាងលើនេះបាន ធ្វើដំណើរមកពីរាជធានីភ្នំពេញ តាមរយៈរថយន្តតាក់ស៊ី (មិនស្គាល់ស្លាកលេខ និងពណ៌រថយន្ត) ដែលម្ចាស់រថយន្តនោះជាមិត្តភក្កិ និងជាជនជាតិចិនដូចគ្នារស់នៅខេត្តកំពង់ចាម (មិនស្គាល់ឈ្មោះ) ជាអ្នករៀបចំឱ្យធ្វើដំណើរ ចេញពីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ហើយមកដល់ចុះនៅចំណុចស្តុបផ្សារព្រៃទទឹង នាវេលាម៉ោង ៩ព្រឹក និងដើររកទិញចំណីហូប។ បន្ទាប់មកក៏ទាក់ទងមិត្តភក្ដិមិនបាន រួចពួកគេទាំង ៥នាក់ខាងលើបានមកសម្រាកនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹងតែម្ដង។ គោលបំណងដើម្បីមកលេងមិត្តភក្ដិ ដែលជាជនជាតិចិនដូចគ្នារស់ នៅខេត្តកំពង់ចាម។
ទាក់ទិនករណីនេះ កងកម្លាំងនគរបាលនៃ ស្នងការដ្ខាននគរបាលខេត្តកំពង់ចាម នឹងធ្វើការស្រាវជ្រាវរករថយន្តដែលបានដឹកជនជាតិទាំង ៥នាក់នោះមកដល់ទីនេះ ហើយធ្វើការអនុវត្តតាមនីតិវិធីច្បាប់ ខណៈអាជ្ញាធរកំពុងធ្វើការ ទប់ស្កាត់ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ជាប្រចាំ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនសួរនាំ រួចអាជ្ញាធរស្រុកសហការ ជាមួយក្រុមគ្រូពេទ្យបានធ្វើតេស្តពិនិត្យ ដោយលទ្ធផលអវិជ្ជមានកូវីដ-១៩ ហើយបញ្ជូនជនជាតិចិនទាំង ៥នាក់នោះ ទៅធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យ ភូមិភាគខេត្តកំពង់ចាមដេីម្បីអនុវត្តវិធានការ សុខាភិបាលបន្ត៕