ភ្នំពេញ៖ ទូកនេសាទ២គ្រឿង និងកម្មករនេសាទ១៤នាក់ ត្រូវបានអាជ្ញាធរស្រុកគិរីសាគរ ធ្វើការឃាត់ទុកជាបណ្តោះអាសន្ន កាលពីថ្ងៃទី២២ខែមេសា ឆ្នាំ២០២១ ដោយមិនអនុញ្ញាត អោយចូលចតក្បែរខាងឡើយ បន្ទាប់ពីបានទទួលព័ត៌មានថា ទូកទាំង២គ្រឿងនេះ បាននាំផលនេសាទ ចេញចូលទៅលក់ នៅប្រទេសថៃ ជាញឹកញាប់។
តាមការបញ្ជាក់ ពីលោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះថា ក្រោយទទួលបានព័ត៌មាន រឿងមានទូកនេសាទ២គ្រឿង ចូលមកទឹកដីស្រុកគិរីសារ លោកបានចាត់មន្ត្រីក្រោមឱវាទ ដើម្បីចុះធ្វើការពិនិត្យមើលទូកនេសាទដែលមានការសង្ស័យថា បានធ្វើដំណើរចូលមកពីសមុទ្រថៃចំនួន២គ្រឿង ដែលជាទូកនេសាទ របស់ប្រពលរដ្ឋ ឃុំកោះស្តេច និងមានផ្ទុកមនុស្ស ចំនួន១៤នាក់ ។
ប្រភពខាងលើបន្តថា ក្រោយមានការសង្ស័យ និងដើម្បីពិនិត្យអោយបានហ្មត់ចត់ ក្រុមការងារបានសម្រេចហាមឃាត់ទូកនេសាទខាងលើ រួមទាំងមនុស្ស នៅលើទូក ឲ្យឈប់ចតនៅមុខកោះស្តេច ដោយមិនអនុញ្ញាតឲ្យឡើង មកលើកោះស្តេច ឬចេញពីទូកជាដាច់ខាត រងចាំក្រុមការងារខេត្តចុះ មកយកសំណាកជាមុនសិន ៕




