ភ្នំពេញ៖ បុរសម្នាក់រើសបានគ្រាប់បែក ដែលកប់ក្នុងដីពេលភ្ជូរស្រែ ហើយដំយករំសេវបណ្តាលឲ្យផ្ទុះស្លាប់ភា្លមៗ និងបង្ករបួសធ្ងន់ ២នាក់ទៀត ។ ហេតុការណ៍នេះ កើតឡើងនៅភូមិត្រពាំងព្រីង ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថ ជនរងគ្រោះទាំង ៣នាក់រួមមាន៖ ឈ្មោះ ពឿន ពៅ ភេទប្រុស អាយុ១២ឆ្នាំ ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។ ឈ្មោះ ម៉ុត សំណាង អាយុ២៩ឆ្នាំ របួសធ្ងន់ដាច់ប្រអប់ដៃស្ដាំ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ឈ្មោះ បេ គួយ អាយុ៧៨ឆ្នាំ របួសបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកស្រុក។ ជនរងគ្រោះទាំង ៣នាក់នេះ មានទីលំនៅភូមិ ឃុំកើតហេតុ។
ប្រភពដដែលបន្តថា ពួកគេរើសបានគ្រាប់កប់ ក្នុងដីដែលកំពុងភ្ជួរ ហើយយកមកដំចាក់យករំសេវ ក៏បណ្ដាលឱ្យផ្ទុះតែម្តង ។ គួរកត់សម្គាល់ថា បម្រាមអាជ្ញាធរកម្ចាត់មីនសរសេរថា សូមកុំប៉ះពាល់គ្រប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះនានា។ ក្នុងករណីបានប្រទះឃើញសូមរាយការណ៍ ទៅសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត ៕




