ទៀតហើយ!​ ឃាត់ខ្លួនមនុស្សជិត២០នាក់ បំពានបម្រាមគោចររបស់រាជរដ្ឋាភិបាល

0

ភ្នំពេញ៖ មនុស្សចំនួន១៨នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី១៦នាក់ មានស្រី-ប្រុស និងជនជាតិខ្មែរចំនួន២នាក់ ជាតៃកុងរថយន្ត ត្រូវបានគណៈបញ្ជាការឯកភាពស្រុកឧដុង្គ ធ្វើការឃាត់ខ្លួន ខណៈដែល ក្រុមជនសង្ស័យ ខាងលើព្យាយាម បំពានបម្រាមគោចរ របស់រាជរដ្ឋាភិបាលកម្ពុជា។

ការឃាត់ខ្លួន មនុស្សទាំង១៨នាក់ខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ យីហោ (ហេង មានលាភ) ស្ថិតនៅក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍បានបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន១៨នាក់នេះ គឺ ក្រុមការងារមាន រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក ព្រំ វណ្ណៈ អភិបាលរងខេត្ត អមដំណើរដោយ លោកជំទាវ ឡុង បូណារេត មន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត កម្លាំងស្នងការនគរបាលខេត្ត បានសហការចុះពិនិត្យ និងរៀបចំនីតិវិធីអនុវត្តច្បាប់(កូវីដ-១៩) លើជនជាតិឥណ្ឌូនេស៊ី ដែលមិនគោរពវិធានការរដ្ឋបាល (ឆ្លងកាត់តំបន់បិទខ្ទប់)។

ក្រុមជនសង្ស័យទាំងនេះ តាមលិខិតបញ្ជាក់ការធ្វើចត្តាឡីសក័ ចេញដោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លទ្ធផលធ្វើតេស្ត គឺអវិជ្ជមានទាំងអស់ ហើយត្រូវបន្តស្នាក់នៅ រាជធានីភ្នំពញ ដល់ថ្ងៃទី១៩ ខែមសា ឆ្នាំ២០២១ ប៉ុន្តែបានលួចចេញ ពីរាជធានីភ្នំពេញ តាមរថយន្តចំនួន៥គ្រឿង ឆ្ពោះទៅខេត្តបន្ទាយមានជ័យ (ក្រុងប៉ោយបែត) ពេលធ្វើដំណើរដល់ព្រំប្រទល់ ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចហាមឃាត់មិនឲ្យឆ្លងកាត់ ហើយបានដេកលើ រថយន្ត១យប់ លុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានចូលមកដេកនៅផ្ទះសំណាក់ឈ្មោះ ហេង មានលាភ ក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ ។ ខណៈដល់ផ្ទះសំណាក់ រថយន្តចំនួន៣គ្រឿង បានត្រឡប់ទៅវិញ នៅសល់តែរថយន្ត២គ្រឿង និងអ្នកបើកបរជនជាតិខ្មែរ២នាក់។ក្រោយធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យទាំងអស់នេះហើយ សមត្ថកិច្ចបាន កសាងសំណុំរឿងបញ្ជូនជនបរទេស សញ្ជាតិឥណ្ឌូនេស៊ីចំនួន ១៦នាក់(ស្រី៤នាក់) ទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចំណែករថយន្ត២គ្រឿង និងអ្នកបើកបរចំនួន២នាក់ បញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីបន្តនីតិវិធី និង រៀបចំនិតិវិធី បង់ប្រាក់ពិន័យអន្តរការណ៍ តាមមាត្រា១០ នៃច្បាប់កូវីដ ជាទឹកប្រាក់ ១ ២០០ ០០០រៀល ក្នុង១នាក់ ទៅគណនីរដ្ឋបាលខេត្ត៕