ចាប់តាចាស់ជាមេខ្យល់ម្នាក់ ក្រោយនាំពលករប្រុសស្រី ២នាក់ បម្រុងឆ្លងដែនទៅថៃ

0

ភ្នំពេញ៖ កម្លាំងនគរបាលស្រុកថ្មពួក បានចាប់ជនសង្ស័យម្នាក់ជាមេខ្យល់ ដែលនាំពលករខ្មែរប្រុសស្រី ២នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់នៅច្រកស្តុកស្តោរ ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

បើតាមលោកអធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងថា ជនសង្ស័យជាមេខ្យល់ឈ្មោះ នឹម វណ្ណា ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក។ ចំណែកពលករខ្មែរប្រុស ស្រីចំនួន ២នាក់ ឈ្មោះ តោ សូរិយ៉ា ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិស្រះឈូក ឃុំស្រះជីក ស្រុកភ្នំស្រុក និងឈ្មោះ មាត បឹម ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិជាមួយគ្នា។

លោកអធិការបន្តថា មេខ្យល់និងពលករខ្មែរ ២នាក់នេះ ត្រូវកម្លាំងនគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ៨០៧ ចាប់ខ្លួនខណៈបម្រុងឆ្លងដែនទៅប្រទេសថៃ ហើយបានបញ្ជូនខ្លួនទាំង ៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកថ្មពួក នៅវេលាម៉ោងជាង ១១ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ជនសង្ស័យឈ្មោះ នឹម វណ្ណា ត្រូវកម្លាំងនគរបាលស្រុកថ្មពួក បញ្ជូនមកស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកពលករប្រុសស្រីទាំង ២នាក់នោះត្រូវបានបញ្ជូន ទៅធ្វើចត្តាឡីស័ក ៕