ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃក ងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការ គ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក បានលើកឡើងថា ក្នុងកាលៈទេសៈ ដ៏លំបាកនេះក្រុមការងារយើង មិនទាន់មានសិទ្ធិសម្រាកទេបន្ទាប់ពី បញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ កម្រិតស្រាលនៅកោះពេជ្រជំហានទី២ ដែលបង្កើនចំនួនគ្រែសម្រាប់ ព្យាបាលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលកោះពេជ្រដល់ប្រមាណជិត ២៦០០គ្រែ ក្រុមការងារបានបន្តទៅរៀបចំ មណ្ឌលព្យាបាលជំងឺកូវីដ១៩ មួយកន្លែងទៀតនៅក្នុងខណ្ឌដង្កោ ដើម្បីត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងករណីមានតម្រូវការចាំបាច់។
តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី២១ មេសា នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានថ្លែងបញ្ជាក់ថា “ខ្ញុំនិងក្រុមការងារសង្ឃឹមថា ការឆ្លងនិងរីករាលដាលនៃជំងឺកូវីដ១៩ នឹងត្រូវបញ្ចប់នៅក្នុងពេលឆាប់គ្រប់មុខហើយ ទីតាំងដែលយើងរៀបចំទាំងនេះ នឹងមិនមានតម្រូវការប្រើប្រាស់នោះទេ? បន្តែទោះជាយ៉ាងណា ក៏យើងនឹងខិតខំប្រឹងប្រែង រៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ ទាំងនេះឲ្យបានឆាប់រហ័ស និងបានល្អក្នុងករណីមានតម្រូវការចាំបាច់ ក្នុងការទទួលព្យាបាលបងប្អូនប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ១៩”។
ជាមួយគ្នានោះ មេបញ្ជាការកងទ័ពជើងគោក ក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៍អនុវត្ត ក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស ៕