ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ ដែលបើម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ និងវាយសមត្ថកិច្ចបែកមុខ រួមទាំងអ្នកជួបជុំផឹកស៊ីល្មើសច្បាប់ ៦នាក់ផ្សេងទៀត ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ នាព្រឹកថ្ងៃទី២១ ខែមេសានេះ ។
តាមរយៈហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា បុរសម្នាក់ឈ្មោះខៀវចាន់សុភក្ត្រាដែលបានបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ជេរប្រមាទនិងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច ត្រូវបានបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញនៅវេលាម៉ោង ៨:៣០នាទីព្រឹកនេះ។
បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារ ឃាត់ខ្លួននៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ ដោយការបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ ដោយបានជេរប្រមាទមេីលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច ។
ដោយឡែកចំពោះបុរស ៦នាក់ជួបជុំផឹកសុី ល្មេីសនឹងច្បាប់ ហេីយបង្កបញ្ហាជាមួយសមត្ថកិច្ច នៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវក៏ត្រូវបានចាប់បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញនៅព្រឹកនេះផងដែរ ។
បុរសទាំង ៦នាក់នេះត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានទទួលព័ត៌មានថា មានមនុស្ស២ក្រុមគ្នា ៦នាក់បានជួបជុំផឹកសុីផ្ទុយពីច្បាប់ ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩ ដោយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ដល់អធិការនគរបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងដេីម្បីចាប់ឃាត់ខ្លួនជនផឹកសុីទាំងនោះ យកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕