ភ្នំពេញ៖ ហាងម៉ាស្សាដែលសំបូរដោយ ស្រ្តីជនជាតិវៀតណាមមួយកន្លែង របស់ប្រពន្ធអតីតអធិការរងក្រុងខេមរភូមិន្ទ ត្រូវបានអាជ្ញាធរចុះបិទអាជីវកម្មទាំងស្រុង ក្រោយរកឃើញថា ល្មើសនឹងបំម្រាមរាជរដ្ឋាភិបាលកម្ពុជា ។
ទីតាំងម៉ាស្សាដ៏ស្កឹមស្កៃគ្មានស្លាកយីហោ ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយអាជ្ញាធរចុះល្បាតពិនិត្យ រក្សាសណ្តាប់ធ្នាប់ក្នុងបរិបទ រីករាលដាលជំងឺកូវីដ១៩ រកឃើញថា បានលួចបើកបម្រើសេវាកម្ម ព្រមទាំងមានស្រ្តី៣នាក់ ជាបុគ្គលិកជនជាតិវៀតណាម គ្មានលិខិតឆ្លងដែនទៀតផង។
លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានឱ្យដឹងនៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា ម្ចាស់ទីតាំងម៉ាស្សាឈ្មោះ ង្វៀង គឹមសៀង ជាភរិយារបស់ឈ្មោះ ចក់ អតីតអធិការរងក្រុងខេមរភូមិន្ទ (បច្ចុប្បន្នចូលនិវត្តន៍) ដូច្នេះលោកសម្រេចបិទអាជីវកម្ម មិនអនុញ្ញាតឱ្យដំណើរការបន្តទៀតឡើយ ពោលគឺចាប់ពីថ្ងៃទី២០ ខែមេសា តទៅ។
លោកឧត្តមសេនីយ៍ត្រី មាស អេលីន ស្នងការរងនគរបាលខេត្តកោះកុង ទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ ថ្លែងថា ស្រ្តីជនជាតិវៀតណាមទាំង៣ខាងលើ ក្រុមការងារនឹងរៀបចំឯកសារ សុំគោលការណ៍ទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបញ្ចូនពួកគេចេញពីប្រទេសកម្ពុជា។ តែក្នុងបរិបទជំងឺកូវីដ ស្នងការរង បញ្ជាក់ទៀតថា សមត្ថកិច្ច និងមន្រ្តីសុខាភិបាលសុំពេលវេលា យកសំណាករបស់ពួកគេទៅធ្វើតេស្តពិនិត្យ រកវីរុសកូវីដជាមុនសិន នៅពេលដឹងលទ្ធផលយ៉ាងណា នឹងនីតិវិធីតាមច្បាប់បន្ត ៕