ភ្នំពេញ៖ មិនមែនជាលើកទី១នោះទេ សម្រាប់ខេត្តព្រៃវែង ដែលមានអ្នកលួចរត់ពីភ្នំពេញទៅ ហើយត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ជាក់ស្ដែងនារីពីរនាក់នេះ ដែលបាន លួចចល័តទីផ្គើនមិនព្រមអនុវត្តតាមវិធានការ ហាមឃាត់ការធ្វើដំណើរ ត្រូវបានធ្វើតេស្ត្ររកឃេីញវិជ្ជមានកូវីដ-១៩ ដែលគាត់ជាអ្នកស្រុកកំចាយមារ ខេត្តព្រៃវែង ដោយធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ថ្មីៗនេះ។
អ្នកទាំង ២នាក់ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងព្យាបាលរួច។
ខណៈនេះ គណៈកម្មការខេត្តបានកំពុងធ្វើការស្រាវជ្រាវ ពត៌មាន ស្តីពីកន្លែងដែលគាត់បានចេញដំណើរ មធ្យោបាយធ្វេីដំណេីរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលដេីម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាក ទៅពិនិត្យបន្តទៀត។