ប្អូនស្លាប់ បងរបួសធ្ងន់ បន្ទាប់ពីដឹកជីទៅដាក់ស្រែ ពេលមេឃភ្លៀង ត្រូវរន្ទះបាញ់

0

ភ្នំពេញ៖ បុរសជាប្អូនស្លាប់ និងបុរសម្នាក់ទៀតជាបង បានរងរបួសធ្ងន់ បន្ទាប់ពីពួកគេបាននាំគ្នា ដឹកជីយកទៅដាក់ស្រែ ពេលមេឃកំពុងភ្លៀង ក៏ត្រូវរន្ទះបាញ់តែម្ដង ។ ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅវាលព្រៃត្បែង ក្នុងភូមិភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ស៊ុំ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ស៊ុំ វល័ក ភេទប្រុស អាយុ២៦ឆ្នាំ រងរបួសធ្ងន់។ ជនរងគ្រោះទាំង ២នាក់ ជាបងប្អូននិងគ្នា រស់នៅភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ២នាក់បងប្អូន បានដឹកជីតាមគោយន្តយកទៅដាក់ស្រែ។ លុះទៅដល់ស្រែក៏មានខ្យល់ភ្លៀង ផ្គររន្ទះយ៉ាងខ្លាំង ក៏រន្ទះបាញ់ត្រូវចំទាំង ២នាក់បណ្តាលឱ្យប្អូនប្រុសបានស្លាប់ភ្លាម ។ ចំណែកបងបានរងរបួសធ្ងន់ ហើយត្រូវដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យ ៕