បន្ទាន់! បិទបណ្តោះអាសន្ន ផ្សារបឹងត្របែកផ្លាហ្សា រយៈពេល១៤ថ្ងៃ

0

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានប្រកាសផ្អាកដំណើរការ ជាបណ្តោះអាសន្ន ផ្សារបឹងត្របែកផ្លាហ្សា រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញ-ចូល ផ្សារនេះ ។

ការសម្រេចផ្អាកនេះ បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខមួយចំនួន នៃផ្សារបឹងត្របែក ផ្លាហ្សា បាន ឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ដែលស្ថានភាពនេះបានរីករាលដាលជាបន្តបន្ទាប់ ច្រើនតូប និង មានទីតាំងខុសៗគ្នា ក្នុងបរិវេណផ្សារគួរអោយព្រួយបារម្ភ និង ចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់ ។

តាមរយៈសេចក្តីជូនដំណឹង កាលពីថ្ងៃទី១៨ មេសា លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារនេះ គិតចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ មក ដែលមិនទាន់បានអញ្ជើញមកយកសំណាក ត្រូវទៅយកសំណាកតេសត្តរកកូវីដ១៩ ជាបន្ទាន់ នៅក្នុងបរិវេណវិទ្យាល័យបឹងត្របែក ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវបំផុត ៕