បិទផ្សារសាំហាន់ជាបណ្ដោះអាសន្ន ក្រោយមានអ្នកកើតជំងឺកូវីដ១៩ ចេញចូលផ្សារនេះ

0

ភ្នំពេញ៖ អាជ្ញាធរ សម្រេចបិទផ្សារសាំហាន់ (ផ្សារធំទួលសង្កែ) ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១​ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ ។

ការសម្រេចបិទនេះ ក្រោយអាជ្ញាធរ បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចេញចូលផ្សារមួយនេះ ។

តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី១៨ មេសា រដ្ឋបាលខណ្ឌឫស្សីកែវ បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ចេញចូលនៅក្នុងផ្សារសាំហាន់ (ផ្សារធំទួលសង្កែ) នេះ តាមដានសុខភាពរបស់ខ្លួន ហើយបើមានលេចចេញរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលស្ថិតនៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សាសុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

រដ្ឋបាលខណ្ឌឫស្សីកែវ ក៏បានអំពាវនាវអ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនឲ្យដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលសង្ស័យបានប៉ះពាល់ ឬនៅផ្សារសាំហាន់ (ផ្សារធំទួលសង្កែ) ៕