ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មាន ពីអាជ្ញាធរក្រុងបានលុងភ្លាម កម្លាំងក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ នៅចំណុចស្ពានស្រែពក ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង រួមសហការជាមួយអាជ្ញាធរដែនដីស្រុកកូនមុំ កាលពីយប់ថ្ងៃទី១៧ ខែមេសាឆ្នាំ២០២១ បានឃាត់ករណីល្មើសបម្រាមឆ្លងកាត់ខេត្តពី(ភ្នំពេញ-រតនគិរី) សរុប ៤នាក់តាមរថយន្តសាមុយពាក់ស្លាកលេខភ្នំពេញ 2BF-2271 ចេញពីពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃនៅភ្នំពេញ ។
អ្នកដែលត្រូវបានឃាត់ខ្លួន ទាំង ៤នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ បៀន ពក ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបរ
២.ឈ្មោះ ញ៉ឹប គត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាព្រូឡាន។ ហេីយអ្នកទាំង ២នាក់ ជាកម្មករមិនមែនជាបុគ្គលិករដ្ឋ នៅក្នុងពេទ្យលោកសង្ឃនោះឡេីយ។
៣.ឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
៤.ឈ្មោះ ប៊ុត ប៊ុនរក្សា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅដូចអ្នកទី3។
យោងតាមរបាយការណ៍ពី ក្រុមការងារបានបន្តអោយដឹងទៀតថា រថយន្តសាមុយនេះជាកម្មសិទ្ធឯកជនរបស់លោកគ្រូពេទ្យម្នាក់ ជាបុគ្គលិក ពេទ្យលោកសង្ឃដែលជាអ្នកបញ្ជាស៊ីឈ្នួលដឹកជន ២រូប គឺអ្នកទី៣ និងទី៤ ក្នុងតម្លៃ ៦០០ដុល្លារ ពីពេទ្យលោកសង្ឃមកខេត្តរតនគិរី ហើយអាជ្ញាធរក្រុងបានលុងឃាត់ ឲ្យត្រលប់មកកាន់អាជ្ញាធរស្រុកកូនមុំវិញ ដើម្បីចាត់ការបន្ត។
បច្ចុប្បន្ន អ្នកទី១ និងអ្នកទី២ ត្រូវបានកងរាជអាវុធហត្ថស្រុកកូនមុំឃាត់ខ្លួនដើម្បីធ្វេីចត្តាឡីស័ក និងចាត់ការទៅតាមនិតិវិធីច្បាប់។ ហេីយជនទី៣ និងទី៤ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ត្រពាំងក្រហមស្រុកកូនមុំ ដេីម្បីធ្វេីចត្តាឡីស័កផងដែរ ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនព័ត៌មានកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ ដោយបញ្ជាក់ថា រថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រសួងអនុញ្ញាតអោយដឹកជញ្ជូនតែអ្នកជំងឺ និងអ្នករបួសទៅកាន់មន្ទីរពេទ្យ ឬឯកជន ឬវត្ថុសំណាកសម្រាប់យកមកវិភាគ នៅតាមមន្ទីរពិសោធន៍របស់ ក្រសួងសុខាភិបាលប៉ុណ្ណោះ។ ហើយមិនអនុញ្ញាតអោយ រថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជន ដឹកជញ្ជូនប្រជាជនដែលជា អ្នកដំណើរជាដាច់ខាត បើពុំនោះ ក្រសួងនឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ ៕