ហួសចិត្ត! បុរសម្នាក់ ដើរពីភ្នំពេញ ទៅស្រុកកំពង់ត្រឡាច ទាំងខ្លួនផ្ទុកជំងឺកូវីដ១៩

0

ភ្នំពេញ៖ បុរសម្នាក់មានវិជ្ជមានកូវី-១៩ ធ្វើដំណើរមកពីក្រុង ភ្នំពេញចូលមកស្រុកកំណើត នៅឯស្រុកកំពង់ត្រឡាច ត្រូវបានបងប្អូនប្រជាពលរដ្ឋ រាយការណ៍ ជូនសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ដឹកបញ្ជូន
យកមកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក នន ស៉ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានប្រាប់អ្នកយកព័ត៌មាន យើងនៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះឲ្យដឹងថាបុរសដែលមានវិជ្ជមានកូវីត-១៩ នោះមានឈ្មោះ អ៊ុន មុន្នីរតនៈ អាយុ៣១ឆ្នាំ មានទីនៅផ្ទះលេខ2Eo ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីយកសំណាកទៅធ្វើតេស្តរួចហើយ ដោយសង្ស័យថាមានវិជ្ជមានកូវីដ-១៩ រូប គេក៏បានធ្វើដំណើរ ដោយថ្មើរជើងចេញពីភ្នំពេញ រយៈពេលមួយយប់ មួយថ្ងៃ លុះធ្វើដំណើរមកដល់ផ្សារត្រាចក៏បានហៅ (ផាសអាប់) ជិះបន្តមកភូមិកំណើតរបស់គេ គឺភូមិស្នាពេជ្រ ឃុំឈូកស ស្រុកកំពង់ត្រឡាចតែម្ដង។

លោកវរសេនីយ៍ឯក ក៏បានបន្តឲ្យដឹងទៀតថា បន្ទាប់ពី (ផាសអាប់)ដឹកបុគ្គលខាងលើមកដល់ ក្នុងភូមិស្នាពេជ្រ ភ្លាម ខណៈនោះឈ្មោះ កង ទិត្យ ដែលត្រូវជាបងប្អូនមិនឱ្យឈ្មោះ អ៊ុន មុនីរតនៈ ដែលមានវិជ្ជមាន កូវីដ-១៩ ខាងលើនេះ ចូលផ្ទះរបស់គាត់ឡើយ ដោយឲ្យឈរ នៅខាងក្រៅផ្ទះសិន ហើយរូបគាត់ (កង ទិត្យ)ក៏បានទូរស័ព្ទរាយការណ៍ ជូនសមត្ថកិច្ចភ្លាមៗដែរ ព្រោះឈ្មោះ កង ទិត្យ នេះបានដឹងព័ត៌មានពីឪពុក របស់ឈ្មោះ អ៊ុន មុន្នីរតនៈ ដែរនៅឯភ្នំពេញ បានទូរស័ព្ទមកប្រាប់គាត់ថា ឈ្មោះ អ៊ុន មុនីរតនៈ បានធ្វើដំណើរចេញពីភ្នំពេញទៅ ស្រុកកំណើតហើយ និងមានការសង្ស័យថា ឈ្មោះខាងលើនេះ មានវិជ្ជមានកូវីត-១៩ ដូច្នេះបើឃើញឈ្មោះនេះ ទៅត្រូវប្រយ័ត្នប្រយែ៉ង និងរាយការណ៍ជូនសមត្ថកិច្ច ជា បន្ទាន់ ដើម្បីឱ្យសមត្ថកិច្ច យកគេទៅដាក់ធ្វើចត្តា ឡីស័កឲ្យបានត្រឹមត្រូវផង។

លោកវរសេនីយ៍ឯក បញ្ជាក់ថា យើងទទួលព័ត៌មានបាន មុន ដូច្នេះហើយ ទើបមានការប្រុងប្រយ័ត្ន បានទាន់ពេលវេលា និងបានយកបុគ្គលខាងលើនេះ ទៅដាក់ធ្វើចត្តាឡីស័ក ក្នុងមណ្ឌលសុខភាព ស្រុកកំពង់ត្រឡាច ភ្លាមៗផងដែរ។

ដោយឡែក លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានឲ្យអ្នកយកព័ត៌មាន ឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ថា បុគ្គលដែលមានវិជ្ជមាន កូវីដ-១៩ខាងលើនេះ បន្ទាប់ពីក្រុមការងារ របស់លោកនៅស្រុកកំពង់ត្រឡាច យកមកដាក់ធ្វើចត្តាឡីស័ករួច លោកក៏បានស្រាវជ្រាវ ព័ត៌មានទាក់ទងទៅនឹងបុគ្គលខាងលើនេះ និងបានរកឃើញថា ឈ្មោះនេះពិតជាមានវិជ្ជមានកូវី-១៩ នៅឯទីក្រុងភ្នំពេញពិតប្រាកដមែន ដោយសារនៅមន្ទីរពេទ្យ ឯទីក្រុងភ្នំពេញ មានអ្នកជំងឺច្រើន ដូច្នេះលោកបានទុកអ្នកជំងឺម្នាក់ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តតែម្ដង។

លោកវេជ្ជបណ្ឌិត ក៏បានសុំអំពាវនាវ ដល់អ្នករត់ផាសអាប់ ដែលបានដឹកបុរសវិជ្ជមានខាងលើនេះ មេត្តាមកសហការ ជាមួយសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក ទៅវិភាគរកមេរោគកូវីត-១៩ ចៀសវាងការឆ្លងរីករាលដាល ដល់ក្រុមគ្រួសាររបស់ខ្លួន ក៏ដូចជាក្នុងសហគមន៍ របស់យើងផងដែរ៕