កំពត៖ កម្លាំងនៃស្នងការដ្ឋាន នគរបាលខេត្តកំពត បានឃាត់ខ្លួន ជនជាតិចិន២នាក់ ដែលបន្លំ បើករថយន្ដសង្គ្រោះបន្ទាន់ ក្នុងគោលបំណង ឆ្លងកាត់ខេត្តកំពត ទៅខេត្តព្រះសីហនុ ដោយបំពានបម្រាម រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់មិនឲ្យ មានអ្នកធ្វើដំណើរ ឆ្លងកាត់ពី ខេត្តមួយទៅខេត្តមួយ ។
ការឃាត់ខ្លួននេះបានធ្វើឡើង នៅចំណុចផ្លូវបំបែកភ្នំបូកគោ ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី១៤មេសា២០២១។
ជនជាតិចិនទាំង2នាក់នេះទី1៖ ឈ្មោះ LI CHANGQING កាន់លិខិតឆ្លងដែនលេខ EC7645585 ។ និងទី2៖ WANG YOUZHI កាន់លិខខិតឆ្លងដែនលេខ EE771775018។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងថា ប្រតិបត្តិការនេះ កម្លាំងនគរបាលផែនអន្ដោរប្រវេសន៍ខេត្តកំពត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សែម សោភ័ណ សហការជាមួយ នគរបាលជំនាញ ឃាត់ជនជាតិចិនទាំង២នាក់នេះ តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ម្ល៉េះ ។ប៉ុន្ដែនៅពេលឃាត់ខ្លួន បានគ្រាន់តែសួរនាំបឋម ព្រោះត្រូវយកសំណាក ទៅពិនិត្យជាមុនសិន ទៅបន្ដនីតិវិធីបន្ថែមទៀត។ លុះលទ្ធផលបង្ហាញថាអវិជ្ជមាន ទើបកម្លាំងនគរបាលជំនាញ ចាត់ការបន្ដតាមនីតិវិធី ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្លាំងផែនអន្ដោរប្រវេសន៍ បានបញ្ជូនខ្លួនជនជាតិចិន ទាំង២នាក់ ទៅកាន់ទីស្នាក់ការ ត្រៀមបណ្ដេញចេញ នៅខេត្តព្រះសីហនុ ដើម្បីបណ្ដេញចេញពីកម្ពុជាតែម្ដង។
លោកឧត្តមសេនីយ៍ទោ ម៉ៅ មធុរិទ្ធ បានបញ្ជាក់ថា នៅថ្ងៃកើ តហេតុ ជនជាតិចិនទាំង២នាក់នេះ បានព្យាយាមបើក រថយន្តសង្គ្រោះបន្ទាន់ ដែលមានដាក់ឡូហ្គូ «មន្ទីរព្យាបាលចុងស៊ិន» ឆ្លងព្រំប្រទល់ខេត្តកំពត និងខេត្តព្រះសីហនុ ពេលសមត្ថកិច្ចឃាត់សួរនាំ ក៏បើករថយន្តរត់ត្រឡប់មកក្រោយវិញ បន្ទាប់មកកម្លាំងជំនាញឃាត់ខ្លួនបាន ៕




