ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ១៤ថ្ងៃមិនយូរទេ បើសិនបងប្អូនតាំងចិត្ត ប្រយុទ្ធប្រឆាំងជាមួយមេរោគកូវីដ១៩ ដើម្បីយកឈ្នះមេរោគនេះពិតប្រាកដនោះ ហើយការប្រយុទ្ធជាមួយកូវីដ១៩ គឺមិនបាន ១% ក្នុងការប្រយុទ្ធតតាំងជាមួយ នឹងពួកឈ្លានពានទឹកដីខ្មែរយើងកាលពីមុនទេ ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់លើហ្វេសប៊ុក នៅថ្ងៃទី១៧ មេសានេះថា «14ថ្ងៃមិនយូរទេ បើសិនបងប្អូនតាំងចិត្តប្រយុទ្ធប្រឆាំងជាមួយមេរោគ COVID-19 ដើម្បីយកឈ្នះមេរោគនេះពិតប្រាកដនោះ ហើយប្រយុទ្ធជាមួយមេរោគCOVID-19 គឺវាមិនបាន 1% ក្នុងការប្រយុទ្ធតតាំងជាមួយនឹងពួកឈ្លានពាន ទឹកដីខ្មែរយើងកាលពីមុនផង តើចិត្តដ៏ក្លាហានរបស់ ឈាមខ្មែរបាត់ទៅណាអស់ហើយ?ហេតុអ្វីបានជាទន់ជ្រាយបែបនេះទៅវិញ?» ។
លោកបន្តថា ដឹងទេថា កាលៈទេសៈនេះ គឺជាវិនាសកម្មធំណាស់សម្រាប់ជាតិ និងជនជាតិខ្មែរ បើសិនបងប្អូនមិនក្រោកប្រឆាំងជាមួយមេរោគ Covid-19 ដោយខ្លួនឯងនោះទេ ។ លោកថា ក្នុងន័យនេះដែរ សូមបងប្អូនចូលរួមស្តាប្រទេស កម្ពុជាយើងឡើងវិញ តាមរយៈយកឈ្នះឲ្យបានជាដាច់ខាត និងឆាប់រហ័សបំផុតលើមេរោគចង្រៃ COVID-19 នេះ ។
សូមរំលឹកថា រាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៥-២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅ តំបន់ផ្សេងទៀត ៕