ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើងឡើកថា រាល់ការធ្វើដំណើរ ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់បំផុត និងមានការអនុញ្ញាតពី សមត្ថកិច្ចប្រចាំនៅគោលដៅ ប៉ុន្តែបើអ្នកដែលទទួលបានការអនុញ្ញាត ហើយយកទៅប្រើប្រាសក្នុងគោលបំណងផ្សេង គឺជាការបំពានវិធានការរដ្ឋបាល ដែលអ្នកនឹងប្រឈមនឹងការទទួលទណ្ឌកម្ម ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៧ មេសានេះ លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា «រាល់ការធ្វើដំណើរ ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់បំផុត និងមានការអនុញ្ញាតពីសមត្ថកិច្ចប្រចាំនៅគោលដៅ! សូមចងចាំថា ក្នុងករណីដែលអ្នកទទួលបានការអនុញ្ញាត អោយធ្វើដំណើរក្នុងគោលបំណងចាំបាច់ណាមួយ ដែលអ្នកបានអះអាងជូនដល់សមត្ថកិច្ចនោះ អ្នកត្រូវគោរពអនុវត្តអោយបានត្រឹមត្រូវ តាមគោលបំណងនៃការធ្វើដំណើរនោះ ហើយពេលបំពេញតម្រូវការរួច ត្រូវវិលត្រឡប់ចូលផ្ទះអ្នកវិញ! រាល់ការប្រើប្រាស់ការអនុញ្ញាត របស់សមត្ថកិច្ចក្នុងគោលបំណងផ្សេង គឺជាការបំពានវិធានការរដ្ឋបាល ដែលអ្នកនឹងប្រឈមនឹងការទទួលទណ្ឌកម្ម!» ។
