យោងតាមទំព័រហ្វេសប៊ុក ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃនេះ (១៤-០៤-២០២១) បានបញ្ជាក់ថា៖
«ឧបករណ៍ចាប់ក្លិនវីរុសកូវីដ១៩ សំរាប់ហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ ដែលជាអំណោយ របស់ក្រុមជំនាញខាងសុនខហិតក្លិន ដែលមូលដ្ឋាននៅប្រទេសស្វីសនោះ បានមកដល់កម្ពុជាដោយសុវត្ថិភាព។ សូមអរគុណក្រុមជំនាញសុនខ Getxent ដែលបានផ្តល់អំណោយនេះសំរាប់គាំទ្រក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកវីរុសកូវីដ១៩នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តេីម និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ក្នុងគោលបំណងស្វែងរកគ្រប់បច្ចេកទេសនិងលទ្ធភាព ដេីម្បីការពារសុខភាពប្រជាពលរដ្ឋកម្ពុជារួចផុតពីជម្ងឺកូវីដ១៩!! កំលាំងជំនាញសុនខសុីម៉ាក់ និងសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រួមសហការគ្នាក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខ ហិតអ្នកផ្ទុកវីរុសកូវីដ១៩នេះ។ ក្តីសង្ឃឹមគឺ សុនខអាចបញ្ជាក់ឱ្យដឹងពីវត្តមានវីរុសក្នុងខ្លួនមនុស្ស អាចកំណត់មុខសញ្ញាអ្នកផ្ទុកវីរុសមានល្បឿនលឿន និងជាមធ្យោបាយស្វែងរកអ្នកផ្ទុកវីរុសក្នុងចំណោមនុស្សច្រើន!»







