នាយករដ្ឋមន្ត្រី៖ ២ឆ្នាំហើយ ដែលកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំ តាមផ្ទះរៀងៗខ្លួន និងតាមគន្លងបែបថ្មី ដើម្បីចៀសផុតពីជំងឺឆ្លងកូវីដ១៩

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលេីកឡេីងថា អស់រយៈពេល២ឆ្នាំហើយ ដែលកម្ពុជាយើងបានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីនៅតាមផ្ទះរៀងៗខ្លួន ដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ១៩។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៤ មេសានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថាអស់រយៈពេល២ឆ្នាំហើយ ដែលកម្ពុជាយើងបានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីនៅតាមផ្ទះរៀងៗខ្លួន ដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ១៩។ទោះបីយើងមិនបានធ្វើពិធីបុណ្យជួបជុំគ្នាច្រើនអ៊ូអរនៅខាងក្រៅ ក៏យើងនៅតែគោរពទៅតាមប្រពៃណីទំនៀមទម្លាប់ជាតិ ប៉ុន្តែនៅពេលនេះគឺធ្វើទៅតាមគន្លងបែបថ្មីមួយរយៈដើម្បីចៀសផុតពីជំងឺឆ្លងកូវីដ១៩។ សូមបងប្អូនជនរួមជាតិប្រុងប្រយ័ត្នធូបទៀនដុតនៅក្នុងផ្ទះចៀសវាងអគ្គីភ័យជាយថាហេតុណាមួយដោយសារមិនបានប្រុងប្រយ័ត្នជាមុន

ជាមួយគ្នានោះសម្ដេច ក៏បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋបន្តអនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។  សូមអរគុណបងប្អូនជនរួមជាតិដែលបានយោគយល់ដល់ការដាក់បម្រាមគោចរមិនអោយធ្វើដំណើរឆ្លងកាត់ខេត្តជាបណ្តោះអាសន្នមួយរយៈពេលខ្លី ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេស។

ជាពិសេសសូមកុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់ ហើយត្រូតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល ឬទឹកអាល់កុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតឱ្យឆ្ងាយពីគ្នាយ៉ាងហោចណាស់១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវហ្មត់ចត់បំផុត។

នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គនិងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមព្រំដែនមានសុខភាពល្អ ចៀសផុតពីជំងឺកូវី១៩ ព្រមទាំងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕