ភ្នំពេញ៖ ប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ចំនួន ៦នាក់ បាននាំគ្នាហូបផ្អកត្រីប្រៃ បណ្តាលឲ្យពុល ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតនៅភូមិជីពូក ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ មេសា ។
ជនរងគ្រោះដោយសារហូបផ្អកត្រីប្រៃ បណ្តាលឱ្យពុលនោះ រួមមាន៖ ឈ្មោះ ចែម សារិន ភេទេប្រុស អាយុ២៦ឆ្នាំ,ឈ្មោះ បឿន ពុទ្ធារៈ ភេទប្រុស អាយុ២ឆ្នាំ,ឈ្មោះ អោក សុភាព ភេទស្រី អាយុ ២២ឆ្នាំ, ឈ្មោះ អៀម ស្រីគា ភេទស្រី អាយុ ៣៥ឆ្នាំ,ឈ្មោះ អៀមពិ ភេទស្រី អាយុ២៥ឆ្នាំ, ឈ្មោះ ឡឹក ពក ភេទស្រី អាយុ៦៩ឆ្នាំ រងគ្រោះធ្ងន់ត្រូវបានបញ្ជូន មកសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្ត អ្នកទាំង ៦រស់នៅក្នុងភូមិឃុំស្រុកកើតហេតុជាមួយគ្នា ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ពលរដ្ឋម្នាក់ឈ្មោះ សៅ ជា អាយុ៥៩ឆ្នាំ បានយកផ្អកត្រីប្រៃធ្វើម្ហូប ទៅប្រគេនចង្ហាន់ព្រះសង្ឃ នៅវត្តវិហារបិតមាស បន្ទាប់សល់ពីចង្ហាន់លោកពួកគាត់ ក៏បាននាំគ្នាប្រមូលដាក់ចាន យកមកផ្ទះដើម្បីទុកហូប។ ស្រាប់តែនៅរសៀលថ្ងៃដដែល ក៏ភ្ញាក់ផ្អើលថាមានការពុលផ្អកត្រីប្រៃ។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារបាននាំគ្នាដឹកយក ទៅមណ្ឌលសុខភាពស្រុកទឹកផុស ដើម្បីសង្គ្រោះបន្ទាន់ក្នុងចំណោម ៦នាក់មានម្នាក់ធ្ងន់ ត្រូវបានដឹកយកមកសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្ត តែស្ថានភាពទូទៅនៅមិនទាន់ ដឹងលទ្ធផលនៅឡើយទេ ៕


