សាហាវ! បុរសម្នាក់ ត្រូវជនមិនស្គាល់មុខ ៦នាក់ ស្លៀកពាក់ឯកសណ្ឋានជាសមត្ថកិច្ច ជិះរថយន្តមកបាញ់ប្រហារ ៣គ្រាប់ របួសធ្ងន់

0

ភ្នំពេញ៖ បុរសម្នាក់កំពុងជិះម៉ូតូតាមផ្លូវសុខៗ ស្រាប់តែក្រុមជនមិនស្គាល់មុខ ៦នាក់ ស្លៀកពាក់ឯកសណ្ឋានជាសមត្ថកិច្ច បានជិះរថយន្តមកបាញ់ប្រហារ ៣គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅចំណុចព្រំប្រទល់រវាងភូមិអូរស្រម៉ និងងភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

បើតាមប្រភពព័ត៌មាន ពីបុរសរងគ្រោះឈ្មោះ ប៊ិត បឿន អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិ កោះបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរៀបរាប់ឲ្យដឹងថា គាត់បានមកស្នាក់នៅ រកសុីទិញលក់ត្រីនៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ។

ក្រោយពីមកលេងផ្ទះមិត្តភិក្តនៅ ទីរួមស្រុកអន្លង់វែង គាត់បានជិះម៉ូតូ ម្នាក់ឯងត្រឡប់មកផ្ទះវិញ ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តមួយគ្រឿងពាក់ស្លាកលេខពណ៌ក្រហម (មិនចាំលេខ) ជិះគ្នាចំនួន ៦នាក់ (ស្លៀកពាក់ឯកសណ្ឋានជាសមត្ថកិច្ច) បានបើកកៀរម៉ូតូរបស់គាត់ ឱ្យធ្លាក់ចូលប្រឡាយផ្លូវ ហើយក្រុមជន បង្កបានបាញ់ដោយកាំភ្លើងធុន AK47 មកលើខ្លួនជាជនរងគ្រោះចំនួន ៣គ្រាប់ បណ្តាលឱ្យត្រូវ ១គ្រាប់ចំត្រគាកខាងស្តាំ ធ្លាយមកភ្លៅខាងស្តាំ រងរបួសធ្ងន់។ ក្រោយពីបាញ់រួចមក ក្រុមជនបង្កបាន និយាយប្រាប់គ្នាថា បាញ់ច្រឡំមនុស្សហើយ រួចហើយក៏បានបើករថយន្តគេច ចេញពីកន្លែងកើតហេតុបាត់ទៅ ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបាន ប្រជាពលរដ្ឋបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង ដោយស្ថានភាព ជនរងគ្រោះមានរបួសធ្ងន់ មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប ៕