ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ទៅទិញបន្លែ ទិញចាប់ហួយ និងកន្លែងលក់គ្រឿងអលង្ការ នៅផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១-១០ ខែមេសា ឲ្យដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ។
យោងតាមហ្វេសប៊ុក អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា នៅថ្ងៃទី១២ មេសានេះ បានឲ្យដឹងថា ការអំពាវនាវនេះ ធ្វើឡើងក្រោយរកឃើញថា មានផ្ទុកជំងឺកូវីដ១៩ ជាអ្នកលក់បន្លែ ជាអ្នកលក់ចាប់ហួយ និងអ្នកជំងឺកូវីដ១៩ម្នាក់ទៀត ទៅប្តូរចិញ្ចៀននៅកន្លែងលក់គ្រឿងអលង្ការ នៅផ្សារចាស់ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធ ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃតាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ ៕