វ៉ាក់សាំងនាំសំណាង! បុរសម្នាក់ ជាអ្នកស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងទីមួយលាន ទទួលបាន អំណោយ៥លានរៀល ពីសម្ដេចតេជោ

0

ភ្នំពេញ៖លោកស្រី ឱ វណ្ណឌីន ប្រធាន គណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ បានអោយដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ គណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃេីញអ្នក ដែលស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងទីមួយលាន ហើយនឹងទទួលបានអំណោយ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ ដែលមានដូចខាងក្រោម៖
– លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុសអាយុ ៣៦ឆ្នាំ មានទីលំនៅ ផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។
– មុខរបរ: លក់ដូរតាមហាង
– បានទៅចាក់វ៉ាក់សាំងនៅ សាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ
– មានភរិយា ជាស្ត្រីមេផ្ទះ និងមានកូន ៣នាក់ (ស្រី១ ប្រុស ២)។

លោកស្រីបន្តថា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នឹងនាំយកថវិកាចំនួន ៥លានរៀល ដែលជាប្រាក់រង្វាន់ត្រូវឆ្នោត ចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ ទីមួយលាន តាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

គួរចងចាំថា អ្នកចាក់វ៉ាក់សាំងលេខរៀងទី១ គឺកូនប្រុសច្បង របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក រីឯ អ្នកដែលមានលេខរៀងចាក់វ៉ាក់សាំងកូវីដ-១៩ ទីមួយលាន គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ជាអ្នកលក់ដូរនៅរាជធានីភ្នំពេញ។

សូមបងប្អូនប្រជាពលរដ្ឋ ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំង ទៅតាមវេនរៀងៗខ្លួន ឱ្យបានគ្រប់គ្នា ដេីម្បីការពារភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ កត់បន្ថយនូវអត្រាសម្រាកពេទ្យ និងកាត់បន្ថយអត្រាស្លាប់ ដោយសារជំងឺដ៏កាចសាហាវនេះ។

ចូលឆ្នាំនៅផ្ទះ (New Year at Home)!