ភ្នំពេញ៖ សត្វដំរីព្រៃមួយក្បាល បានដេញប៉ងជាន់សម្លាប់មនុស្ស តែមានបុរសម្នាក់រងរបួសបាក់ជើង ត្រូវបញ្ជួនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ។ ករណីនេះនៅភូមិពូត្រុំសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។
បើតាមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលរមនាបានឱ្យដឹងថា កម្លាំងប៉ុស្តិ៍បានទទួលដំណឹងថា មានដំរីព្រៃបចូលមកក្នុងចម្ការបំផ្លិចបំផ្លាញ ដំណាំរបស់ប្រជាពលរដ្ឋ និងផ្ទះរោងចាំចម្ការ។ ពួកគាត់បានសុំឱ្យ កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញបរិស្ថាន និងប្រជាពលរដ្ឋជាម្ចាស់ដំណាំចុះទៅទីនោះ។
ប្រភពបន្តថា ពេលទៅដល់កន្លែងកើតហេតុ បានជួបប្រទះដំរីព្រៃមួយក្បាលកំពុង ជាន់ទន្ទ្រានផលដំណាំ។ ពេលនោះដំរីឃើញមនុស្សទៅដល់ បានដេញកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋបណ្ដាលឱ្យ ប្រជាពលរដ្ឋម្នាក់បានគ្រោះថ្នាក់ ដោយដួលបាក់ករជើងខាងឆ្វេង។ ជនរងគ្រោះមានឈ្មោះ ភឿន កាវី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិព្នង បច្ចុប្បន្នរស់នៅភូមិ ពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
លោកអធិការក្រុងសែនមនោរម្យ បញ្ជាក់ថា នៅភូមិសាស្ត្រភូមិពូត្រំ ដំរី១ក្បាលនេះ រៀងរាល់ឆ្នាំគឺតែងតែចេញមក ជាន់បំផ្លិចបំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋ។ លោកបានស្នើឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះដំរីមួយក្បាលនេះមានចរឹតកាច ដែលងាយបង្ករគ្រោះថ្នាក់ដល់អ្នកដែលទៅក្បែរ ៕