ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងរៀបចំវិទ្យាល័យ ជាស៊ីម សាមគ្គី ធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដោយផ្នែកខ្លះធ្វើជាកន្លែងចត្តាឡីស័កផងដែរ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានដឹកនាំអាជ្ញាធរនិងមន្ទីរសុខាភិបាលចុះពិនិត្យទីតាំងវិទ្យាល័យ ជា ស៊ីម សាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើម្បីពិនិត្យរៀបចំទុកជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺ១៩ឲ្យបានសមរម្យ ហើយមួយផ្នែកខ្លះនៃអគារវិទ្យាល័យក៏ត្រូវរៀបចំជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ទីតាំងខាងលើនេះរៀបចំគ្រែចំនួន២០០ សម្រាប់អ្នកជំងឺ និង១០គ្រែទៀតសំរាប់ក្រុមគ្រូពេទ្យ។
វិទ្យាល័យជា ស៊ីម សាមគ្គី ក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ក្រុមការងារជម្រុះ ដែលមានទាំងអាជ្ញាធរ ខណ្ឌទួលគោក ប៉ូលីសមូលដ្ឋាន មន្ត្រីអគ្គិសនី មន្ទីរសុខាភិបាលបានដុតដៃ ដុតជើងយ៉ាងខ្លាំង ក្នុងការរៀបចំ ទៅតាមតួនាទីរបស់ខ្លួន ធ្វើយ៉ាងណាឲ្យទីតាំងមួយនេះ ក្លាយជាកន្លែងដែលមានភាពសមរម្យ និងមានអនាម័យ បរិស្ថានល្អក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ៕