សាហាវ!ឃើញសមត្ថកិច្ច ចុះបង្រ្កាបបទល្មើសនេសាទ ក្រុមជនល្មើសបើកកាណូត បំបុកយ៉ាងកម្រោល

0

ពោធិ៍សាត់៖ ក្រុមជនល្មើសបានបើកកាណូត បំបុកកាណូតសមត្ថកិច្ច ចម្រុះបង្កឱ្យខាងមន្ត្រី រងរបួសធ្ងន់ម្នាក់ ក្នុងការបង្រ្កាបបទល្មើសនេសាទ។ ហេតុការណ៍បានកើតឡើង នៅលើបឹងទន្លេសាប ត្រង់កន្លែងអភិរក្ស ជលផល អតីតឡូត៍នេសាទលេខ៦ ដែលស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីយប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។

នាយខណ្ឌ រដ្ឋបាលជលផលខេត្ត បានឱ្យដឹងនៅថ្ងៃទី៨មេសាថាមន្រ្តីជលផល និងកងកម្លាំង ការពារបានរងរបួសឈ្មោះ ឡេង ពេជ្រ ភេទប្រុស អាយុ ៣៣ឆ្នាំមានទីលំនៅភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាប្រជាពលរដ្ឋ និងជាអ្នកបើកបរ កាណូត។

នាយខណ្ឌ បានបន្តថាក្រុមចម្រុះ ដែលល្បាតការពារ កន្លែងអភិរក្សជលផល ឃើញក្រុមជនប្រព្រឹត្ត បទល្មើសនេសាទ​ដោយប្រើប្រាស់នូវឧបករណ៍ អួនកែច្នៃ អូសទាញ ដោយកាណូតច្រើនគ្រឿង។ ក្រុមជនល្មើសបានបើកកាណូត មកបុកកាណូត សមត្ថកិច្ច ទាំងកម្រោល បណ្ដាលឱ្យចំជនរងគ្រោះ ម្នាក់ធ្លាក់ទឹក ថែមទាំងមុត នឹងស្លាបចាក់កាណូត បាក់ឆ្អឹងត្រគៀករបួសធ្ងន់។

ក្រោយដឹងហេតុការណ៍ការណ៍នេះ ភ្លាមកម្លាំងច្រើនស្ថាប័ន បានចេញជួយអន្តរាគមន៍ និងបានផ្ទុះអាវុធមួយប្រាវ ជាមួយនិងក្រុមជនល្មើស បានបើកកាណូត គេចបាត់អស់ ដោយបន្សល់នូវ វត្ថុតាងអួនកែច្នៃចំនួន៣វង់ ។ភ្លាមៗនោះ សមត្ថកិច្ចបញ្ជូនអ្នករងរបួសទៅ សង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ប៉ុន្តែដោយស្ថានភាព របួសធ្ងន់ធ្ងរពេក ក្រុមគ្រូរពេទ្យ បញ្ជូនបន្ត ទៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ចំពោះក្រុមមុខសញ្ញាជាជនល្មើស ភាគច្រើនជាជនជាតិវៀតណាម មកពីតំបន់ចុងភ្នាស នៃខេត្តសៀមរាប។ សមត្ថកិច្ចស្ថាប័ន ជំនាញពាក់ព័ន្ធ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប បានសហការការគ្នា បើកការស្រាវជ្រាវ បន្ទាន់ ដើម្បីរកមុខក្រុមជនល្មើស យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕