ប្រតិបត្តិការ ៦ខែ! ទីបំផុតឃើញរូបរាង នាវាចម្បាំងម៉ារីន ដែលលិចអំឡុងសម័យសង្គ្រាម ក្នុងទន្លេខេត្តកំពង់ចាមហើយ

0

ភ្នំពេញ៖ ក្រោយប្រតិបត្តិការ អស់រយៈពេល ៦ខែ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នាវាចម្បាំងម៉ារីន ដែលលិចអំឡុងសម័យសង្គ្រាមនៅកម្ពុជា នាទសវត្សឆ្នាំ១៩៧០ ត្រូវបានស្រង់មកលើគោកហើយ។

នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជា អធិបតីក្នុងពិធីស្រង់នាវាម៉ារីន នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ថ្នាក់ដឹកនាំក្រសួងការពារជាតិ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តំណាងអភិបាលខេត្តកណ្តាល ព្រមទាំងថ្នាក់ ដឹកនាំមួយចំនួនទៀត ។

នាវាចម្បាំងដែលបាន លិចអំឡុងសម័យសង្គ្រាមនៅកម្ពុជា នាទសវត្សឆ្នាំ១៩៧០ ទីបំផុតត្រូវបានស្រង់មកហើយ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កម្លាំងជំនាញស្រង់មកលើគោក រួចហើយ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ក្រោយប្រតិបត្តិការរយៈពេល ៦ខែ។ ស្ថានភាពនាវាចម្បាំងលិចក្នុងទន្លេខាងលើនេះ គឺមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងមាន ស្នាមធ្លុះធ្លាយជាច្រើនកន្លែងដោយការបាញ់ពន្លិច ក្នុងពេលប្រយុទ្ធគ្នា។

នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ថា ប្រតិបត្តិការបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រ មិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ហើយចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជាមានសមត្ថភា ពគ្រប់គ្រាន់មិនត្រឹមតែបោស សម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅលើដីគោកនោះទេដូច្នេះ វាជាមោទនភាពមួយទៀត សម្រាប់ប្រជាជាតិកម្ពុជា។ នាវាម៉ារីនដែលលិចក្នុង កំលុងសង្គ្រាមស៊ីវិលនៅកម្ពុជា កាល ពីទសវត្សឆ្នាំ១៩៧០នេះ បានលិចកប់ក្នុងបាតទន្លេមានជម្រៅរហូតដល់ ២៧,៥ម៉ែត្រ ព្រមទាំងគ្រប់ដណ្តប់ដោយដីខ្សាច់ នៅលើយ៉ាងច្រើនផងដែរ។

ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការនៃ ទីបញ្ជាការដ្ឋានកងបោសសំអាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក បានឱ្យដឹងថាគ្រាប់យុទ្ធភ័ណ្ឌប្រមាន ៩០ភាគរយ ដែលមានទ្រង់ទ្រាយល្អ នឹងត្រូវដោះបន្សាប ដោះបន្សាបសម្រាប់ទុកដាក់តាំងក្នុងសារមន្ទីរ និង១០% ដែលជាគ្រាប់ខូចទ្រង់ទ្រាយ ពុកផុយ មិនអាចធ្វើការដោះបន្សាបបាន នឹងធ្វើការកំទេចចោល។

រយៈពេល៦ខែមកនេះ កម្លាំងជំនាញបានប្រមូល និងស្រង់គ្រាប់យុទ្ធភ័ណ្ឌ មកលើគោកជាបន្តបន្ទាប់។ បើតាមរបាយការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារស្រង់បាន គ្រាប់យុទ្ធភណ្ឌសរុបប្រមាណ ១៦តោន ព្រមទាំងបំណែកឆ្អឹងសពមនុស្សចំនួន៦ និងសម្ភារសឹកមួយចំនួនទៀត ៕