ខឹងសុំត្រូវរ៉ូវគ្នាវិញមិនបាន អតីតប្ដីបើកកង់បីដេញបុក និងយកកាំបិតដេញចាក់ប្រពន្ធ រួចគេចខ្លួនបាត់ស្រមោល

0

ភ្នំពេញ៖ បុរសម្នាក់ខឹងសុំត្រូវរ៉ូវគ្នា ជាមួយអតីតប្រពន្ធវិញមិនបាន ក៏ផ្ទុះកំហឹងបើកកង់បីដេញបុកមិនអស់ចិត្ត ចុះទាញកាំបិតដេញចាក់ប្រពន្ធថែមទៀត បណ្ដាលឲ្យរងរបួសជាទម្ងន់ ។ ហេតុការណ៍នេះបានកើតឡើង​កាលពីម៉ោង ៩៖៣០​នាទីយប់​ថ្ងៃទី៦​ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅមុខកន្លែងលក់ផ្លែឈើផ្សារលើធំថ្មី ក្នុងភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប​។

បើតាមសាក្សី​ដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុពួកគាត់​ឃើញបុរសម្នាក់​បានអង្គុយក្នុង​PassAPP ដែលចតនៅមុខកន្លែងលក់ផ្លែឈើផ្សារលើធំថ្មី ខណៈពេលនោះឃើញមានស្ត្រីម្នាក់​និងក្មេងស្រីម្នាក់ជិះម៉ូតូ មកកន្លែងលក់ផ្លែឈើ មួយសន្ទុះស្រាប់តែឃើញ​បុរសអ្នកបើក​PassAPP ដែលចតនៅមុខកន្លែងលក់ផ្លែឈើនោះ​បើកចេញមកសំដៅស្ត្រីនោះ​។​ក្រោយពីបើកដេញបុកស្ត្រី ពេញ​ផ្សារលើធំថ្មី រួចមកក៏ឃើញបុរសនោះ​ទាញកាំបិតចិតបន្លែ ចាក់មកលើស្ត្រីនោះចំនួន​២កាំបិត ចាក់បុកចំពោះខាងក្រោម​ដោះផ្នែកខាងស្តាំបណ្តាល​ឲ្យរបួសធ្ងន់ ត្រូវបានប្អូនស្រីដឹកយកទៅសង្គ្រោះ​នៅមន្ទីរពេទ្យ​ឯកជនស៊ឹង រិទ្ធី រ៉េត​។​

សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាដោយចេតនានេះ បានកើតឡើង​រវាងប្តីប្រពន្ធ កាលពីយប់មិញ​នៅមុខផ្សារលើធំថ្មី បង្កឡើងដោយប្តីបានយកកូនកាំបិត មកចាក់ប្រពន្ធបណ្តាល​ឲ្យរបួសធ្ងន់ហើយ​ទុក​PassAPP ពាក់ស្លាកលេខសៀមរាប ១.AF.៨៨០៣ នៅកន្លែងកើតហេតុ រួចយកម៉ូតូរបស់ប្រជាការពារ​ភូមិជិះចេញទៅបាត់​។ បន្ទាប់ពីជិះម៉ូតូរបស់ប្រជាការពារភូមិ យកទៅទុកនៅផ្ទះរបស់ខ្លួន​ក្នុងភូមិខា្នរ សង្កាត់ជ្រាវហើយ​យករថយន្តឡុចស៊ីស RX300 ពណ៌សពាក់ស្លាកលេខសៀមរាប ២.C៧១៧៣ ចេញដោយសុវត្ថិភាព​។​

ជនបង្កឈ្មោះ តាំង លាប ភេទប្រុស​អាយុ​៣៧​ឆ្នាំមានស្រុកកំណើត​នៅខេត្តកំពង់ចាម​បច្ចុប្បន្នរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ចំណែកស្ត្រីជនរងគ្រោះឈ្មោះ លាន ប៊ុនណាត អាយុ​៣៥​ឆ្នាំ​រស់នៅភូមិសង្កាត់ជាមួយគ្នា ហើយមានកូនចំនួន​២នាក់​(ស្រីម្នាក់​និងប្រុសម្នាក់ រីឯកូនទាំងនាក់​រស់នៅជាស្ត្រីរងគ្រោះ​ដែលបានលែងលះគ្នាជាង​១​ឆ្នាំហើយ​។ ជនបង្កបានព្យាយាមសុំត្រូវរ៉ូវគ្នាជាមួយ​ប្រពន្ធវិញ​តែភាគីខាងស្រីមិនព្រម ទើបកើតជារឿងទំនាស់រហូត​បង្កហិង្សានេះឡើង​។

បច្ចុប្បន្ន​កម្លាំងជំនាញកំពុង​សហការគ្នាតាមចាប់ខ្លួន​ជនបង្កដើម្បីយកមក​ផ្តន្ទាទោសតាមច្បាប់​៕​