ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានដាក់ចេញបទបញ្ជា ឲ្យមេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះ អគ្គបញ្ជាការដ្ឋានទាំងអស់ រៀបចំទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅក្នុងបរិវេណនៃអង្គភាពនីមួយៗ ដោយមានបំពាក់គ្រែអ្នកជំងឺ និងសម្ភារៈពេទ្យចាំបាច់មួយចំនួន ។
តាមរយៈសេចក្ដីណែនាំ នាថ្ងៃទី៧ មេសានេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា សេចក្តីណែនាំ ធ្វើឡើងដោយ អនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា។
បើតាមសេចក្តីណែនាំនេះ មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះ អគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវអនុវត្តដូចតទៅ៖
១.រៀបចំទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅក្នុងបរិវេណនៃអង្គភាពនីមួយៗ ដោយមានបំពាក់គ្រែអ្នកជំងឺនិងសម្ភារៈពេទ្យចាំបាច់មួយចំនួន។
២.រៀបចំកម្លាំងសុខាភិបាល និងត្រៀមហ្វឹកហ្វឺនបំប៉នគ្រូពេទ្យ ដើម្បីថែទាំនិងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅក្នុងអង្គភាពរបស់ខ្លួន។
៣.បន្តរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កដោយឡែក នៅក្នុងអង្គភាព ដើម្បីធ្វើចត្តាឡីស័កយោធិន ដែលសង្ស័យមានការពាក់ព័ន្ធ ជាមួយនឹងអ្នកជំងឺកូវីដ-១៩។
៤.យោធិនដែលពុំទាន់បាន ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រញាប់ប្រញាល់ទៅចាក់ វ៉ាក់សាំងជាបន្ទាន់នៅតាមទីតាំងដែលបានកំណត់ លើកលែងតែយោធិនដែលមានបញ្ហាសុខភាព ហើយគ្រូពេទ្យបានចេញ លិខិតបញ្ជាក់មិនអនុញ្ញាតឱ្យចាក់។ ចំពោះមុខ មូលដ្ឋានកងទ័ពទាំងអស់ ត្រូវត្រួតពិនិត្យយោធិនណា ដែលមិនទាន់បានចាក់វ៉ាក់សាំង និងមិនត្រូវបានអនុញ្ញាត ឱ្យចូលក្នុងមូលដ្ឋានកងទ័ព ៕