ស្ត្រីម្នាក់ត្រូវរន្ទះបាញ់ ស្លាប់ចោលកូន ៥នាក់ឲ្យរស់នៅកំព្រា ខណៈក្មេងស្រីម្នាក់ទៀត ក៏ត្រូវរន្ទះបាញ់ស្លាប់ពេលជិះកង់

0

ភ្នំពេញ៖ ស្ត្រីចំណាស់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ចោលកូន ៥នាក់ឲ្យរស់នៅកំពា្រ ខណៈក្នុងថ្ងៃតែមួយនេះ ក៏មានក្មេងស្រីម្នាក់ទៀត ក៏ត្រូវរន្ទះបាញ់ស្លាប់ ពេលកំពុងជិះកង់ ។ ឧបទ្ទវហេតុនេះបានកើតឡើង កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

លោក សុង សុភ័គ អភិបាលស្រុកភ្នំព្រឹក បានឱ្យដឹងថា មានមនុស្សស្រី ២បានស្លាប់ ដោយសាររន្ទះបាញ់នៅកន្លែង ២ផ្សេងគ្នា។ លើកទី១ កាលពីរសៀលថ្ងៃទី៥ ខែមេសានៅម្តុំក្រុមទី១០ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក រន្ទះបាញ់ចំ កុមារីម្នាក់ឈ្មោះ អៀង លីណា អាយុ១២ឆ្នាំ នៅភូមិឃុំខាងលើ បណ្តាលឱ្យស្លាប់។ មុនពេលកើតហេតុក្មេងស្រី បានជិះកង់ទៅសុំលុយម្តាយដើម្បីទិញនំហូប។ នៅពេលត្រលប់មកវិញជិតដល់ផ្ទះស្រាប់តែ មានភ្លៀងនិងរន្ទះបានបាញ់ចំនាងកំពុងជិះកង់ បណ្តាលឱ្យដួលស្លាប់តែម្តង។

លោកអភិបាលស្រុកបានបន្តថា នៅវេលាម៉ោង ៤រសៀលថ្ងៃដដែលនេះ ក្នុងភូមិឃុំខាងលើនេះក៏មានខ្យល់កន្រ្តាក់ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ បណ្តាលឱ្យប៉ើងរបើកដំបូលផ្ទះចំនួន ២ខ្នងផងដែរ។ ម្ចាស់ផ្ទះឈ្មោះ ផ្លែក ភឿត អាយុ៥៥ឆ្នាំ ផ្ទះទំហំ ៦មគុណ២០ម៉ែត្រ របើកដំបូលទាំងស្រុង ។ ឈ្មោះ កង រ៉េត ភេទប្រុស អាយុ៥២ឆ្នាំ ផ្ទះទំហំ ៥មគុណ១២ម៉ែត្រ ប៉ើងរបើកដំបូលខាងមុខខូចខាតស្ទើរទាំងស្រុង តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

លោកអភិបាលស្រុកបានបន្តថា លើកទី២ នៅល្ងាចថ្ងៃទី៥ ខែមេសាដដែល មានភ្លៀងមួយមេលាយឡំ និងរន្ទះបាញ់ត្រូវស្ត្រីម្នាក់ឈ្មោះ ង៉ែត ហឿន អាយុ៥២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ប្ដីឈ្មោះ ប៉ោក ម៉ន អាយុ ៥៣ឆ្នាំ មានកូនចំនួន៥នាក់ ពេលដែលស្ត្រីនោះកំពុងឈរមើលកូនពូនរង ដាំដំឡូងមីក៏ស្រាប់តែត្រូវរន្ទះបាញ់ឱ្យស្លាប់តែម្ដង ៕