ភ្នំពេញ៖ ពលករខ្មែរម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន ក្មុងបន្ទប់ទឹក នៅមណ្ឌលចត្តាឡីស័ក កម្រិត០១ ស្រុកបវេល ដោយមិនដឹងមូលហេតុ។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានឲ្យដឹងដែរថា ករណីខាងលើនេះ ត្រូវបានក្រុមពលករដូចគ្នា បានប្រទះឃើញ និងបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោងប្រមាណ ០៦និង២៥នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចមណ្ឌលចត្តាឡីស័ក ស្រុកបវេល ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង។
លោកអធិការបន្ថែមថា ជនរងគ្រោះជាពលករចេញ ពីប្រទេសថៃឆ្លងកាត់ តាមច្រកទ្វាអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ ហើយបានចូលមកធ្វើ ចត្តាឡីស័ក ក្មុងមណ្ឌលកម្រិត ១ អនុវិទ្យាល័យបវេលសាមគ្គី កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២១កន្លងទៅនេះ។
បើយោងតាមរបាយការណ៍ នៃមណ្ឌលចត្តាឡីស័ក កម្រិត០១ របស់ស្រុកបវេលបានបញ្ជាក់ថា ផ្អែកលើការពិនិត្យបឋម នៃករណីខាងលើនេះ សង្ស័យជាអំពើធ្វើអត្តឃាត ដោយចងកបញ្ចប់ជីវិតខ្លួនឯង ប៉ុន្តែមិនមានប្រភពណាមួយ បានដឹងពីមូលហេតុ ពិតប្រាកដនោះនៅឡើយទេ។
ជនរងគ្រោះមានឈ្មោះ នី ម៉ាប់ ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ចំណែកប្រពន្ធ និងកូនកំពុងធ្វើការងារនៅប្រទេសថៃ។
ក្រោយការពិនិត្យ រវាងកម្លាំងជំនាញបង្ហាញថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងកពិតប្រាកដមែន ព្រោះផ្តើមចេញពីកើតជំងឺផ្លូវចិត្ត ជាមួយគ្នានេះសមត្ថកិច្ច ក៏បានធ្វើកំណត់ហេតុប្រគល់ សាកសព ទៅឲ្យសាច់ញាតិក្រុមគ្រួសារ ដើម្បីយកទៅរៀបចំ ធ្វើបុណ្យតាមប្រពៃណីតែម្តង៕