ភ្នំពេញ៖ ខ្យល់កន្ត្រាក់បណ្តាលអោយប៉ះពាល់ផ្សារក្រុមស្តាវីហ្គាសខូចខាតទំនិញតូបចំនួន៦០តូប និងផ្ទះត្រូវបានប៉ើងដំបូល១៤ខ្នងតាមបន្ទាត់ព្រំដែននៅវេលាម៉ោង៤នឹង៣០នាទីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។
មន្ត្រីអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា នៅវេលាម៉ោង៤នឹង៣០នាទីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅតាមបន្ទាត់ព្រំដែនស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត មានភ្លៀងមួយមេធំជិត២ ម៉ោងលាយឡំ ដោយខ្យល់កន្ត្រាក់ ប៉ះពាលផ្សារ១ខ្នង របស់ក្រុមហ៊ុនស្តាវីហ្គាស ត្រូវបានប៉ើងដំបូលសើម ទំនិញចំនួន៦០តូប និងតូបលក់ទំនិញ ចំនួន៤តូប របស់ក្រុមហ៊ុនហ្គូឌិនក្រោន ត្រូវបានរលំនៅចំណុចដើមស្រល់ និងផ្ទះចំនួន១៤ខ្នងត្រូវបានប៉ើងដំបូល។
មន្ត្រីនគរបាលបានបញ្ជាក់ថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការពារព្រំដែនគោក លេខ៩១១ និងកម្លាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងយោធា បានចុះអន្តរាគមន៍ ជួយរុះរើរៀបចំផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលត្រូវបានប៉ើងដំបូល។
មន្ត្រីនគរបាល បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ និងត្រូវបានកម្លាំងនគរបាល ចុះជួយជួសជុលឡើងវិញនៅថ្ងៃស្អែក ដើម្បីប្រជាពលរដ្ឋបានរស់នៅ រយៈពេលកន្លងមក ប្រជាពលរដ្ឋដែលរងគ្រោះ ដោយធម្មជាតិមានខ្យល់កន្ត្រាក់ ត្រូវបានជួយអន្តរាគមន៍ បានទាន់ពេលវេលា៕
0