ថ្លើមធំពេកហើយ! ហ៊ានប្រមាថជីវិត សូម្បីមេប៉ូលីសកម្ពុជា

0

ភ្នំពេញ៖ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា ថ្មីៗនេះ ពិនិត្យឃើញថា នៅលើបណ្ដាញសង្គម មានជនអគតិបានបង្កើតគណនីហ្វេសប៊ុក បង្ហោះរូបភាពកែឆ្នៃ និងខ្លឹមសារព័ត៌មាន មិនពិតដោយបំភ្លៃថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិទទួលមរណភាព។

ការផ្សព្វផ្សាយនេះផ្ទុយ ពីការពិតទាំងស្រុង ដែល​បច្ចុប្បន្ននេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានសុខភាពរឹងមាំ បាននិងកំពុងបញ្ជាដឹកនាំកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងប្រតិបត្តិការក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណ: និងសុវត្ថិភាពសង្គមជាពិសេស ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមកូវីដ-១៩ ក៏ដូចជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។

អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមប្រកាសបដិសេធន៍ និងច្រានចោលទាំងស្រុង នូវព័ត៌មានប្រឌិត​ ដែលមិនត្រឹមតែប្រមាថ ដល់កិត្តិយស​ អាយុជីវិតរបស់  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន​ ជាមេបញ្ជាការជាន់ខ្ពស់ នៃកងកម្លាំងនគរបាលជាតិប៉ុណ្ណោះទេ​ គឺថែមទាំងមានចេតនាបង្កភាពវឹកវរក្នុងជួរ កងកម្លាំងនគរបាលជាតិ​ និងធ្វេីឱយប៉ះពាល់ដល់ស្ថិរភាពសន្តិសុខ​ សណ្តាប់ធ្នាប់សង្គមទៀតផង​ ។
យើងខ្ញុំសូមធ្វើការ ថ្កោលទោសដាច់អហង្ការការចំពោះទង្វើទុច្ចរិត​ គ្មានវិចារណញាណ របស់ជនអគតិទាំងនោះ និងស្នើដល់អង្គភាពជំនាញ បើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកជនល្មើស រួមទាំងបក្ខពួក និងមេក្លោង យកមកផ្តន្ទាទោស តាមច្បាប់ជាធរមាន​ ។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមកុំយល់ច្រឡំ និងសូមអំពាវនាវ កុំចូលរួមចែករំលែកព័ត៌មានក្លែងក្លាយនេះ ដើម្បីចៀសវាងបង្កការលំបាក ក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវ របស់នាយកដ្ឋានជំនាញ និងអាចប្រឈមមុខចំពោះ ការអនុវត្តគោលការណ៍ជំនាញ របស់មន្ត្រីអនុវត្តច្បាប់៕