ភ្នំពេញ៖ ក្មេងប្រុសឈ្មោះ ជា ផែនហេង អាយុ១០ឆ្នាំ ដែលម្ដាយឳពុកប្រកាសថា បានបាត់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននោះ ពេលដឹងការពិតហើយ គឺត្រូវក្រុមជនសង្ស័យចាប់ជំរិត និងសម្លាប់យកសពទៅបោះចោល ក្នុងព្រៃ ក្បែរផ្លូវធំមួយនៅសង្កាត់ព្រែងឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សូមរំលឹកថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ៧ល្ងាច ឪពុកម្តាយរបស់ក្មេងអាយុ១០ឆ្នាំម្នាក់ បានរាយការណ៍មកកម្លាំង សមត្ថកិច្ចខណ្ឌច្បារអំពៅ បន្ទាប់ពីក្មេងនេះមិនបានត្រលប់មកផ្ទះ បន្ទាប់ពីបានទៅលេងទាត់បាល់។ បើតាមសាក្សីបានបញ្ជាក់ប្រាប់ក្រុមគ្រួសារថា បានឃើញក្មេងរងគ្រោះ ជិះម៉ូតូឌប់មុនពេលបាត់ខ្លួន។
ក្រោយទទួលបានព័ត៌មាននេះ នៅថ្ងៃទី១ ខែមេសា អង្គភាពការពារកុមារ បានផ្តល់ជំនួយដល់កម្លាំងសមត្ថកិច្ច ក្នុងការស្វែងរកកុមាររងគ្រោះ ។ ក្រុមការងារចម្រុះ ក៏បានពិនិត្យមើលកាមេរ៉ា សុវត្ថិភាពនៅតាមដងផ្លូវ។ នៅវេលាម៉ោង៨យប់ ថ្ងៃទី១ ខែមេសា កុមាររងគ្រោះ កុមាររងគ្រោះនៅក្នុងស្ថានភាពបាត់ខ្លួននៅឡើយ ហើយការស៊ើបអង្កេតក៏បន្ត។
នៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ សាកសពកូនក្មេងមួយ ត្រូវបានរកឃើញនៅក្នុងគម្ភព្រៃ ក្បែរផ្លូវធំមួយនៅសង្កាត់ព្រែងឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានចូលរួមពិនិត្យកន្លែងកើតហេតុ និងទាក់ទងជាមួយមន្ត្រីនគរបាល ពីនាយកដ្ឋានព្រហ្មទណ្ឌ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃនគរបាលដ្ឋានរាជធានីភ្នំពេញ។ កន្លែងកើតហេតុត្រូវបានហំព័ទ និងការត្រួតពិនិត្យកន្លែងកើតហេតុ ក៏បានធ្វើឡើង។
អត្តសញ្ញាណសាកសពនេះ ត្រូវបានបញ្ជាក់ថា ជាសាកសពរបស់កុមាររងគ្រោះ ដែលបានបាត់ខ្លួន ឈ្មោះ ជា ផែនហេង អាយុ១០ឆ្នាំ។
អង្គភាពការពារកុមារ (CPU) រួមជាមួយនឹងក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្កើតជាក្រុមការងារចម្រុះ CHARLIE21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណី ជម្រិតសម្លាប់ទៅលើកុមារឈ្មោះ ជា ផែនហេង។ មន្ត្រីស៊ើបអង្កេតបានបន្តការស៊ើបអង្កេត និងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពបន្ថែម ហើយសូមស្នើទៅដល់មហាជន ដែលបានឃើញក្មេងនេះ នៅជិតវត្តជ្រយអំពិលកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ សូមមេត្តារាយការណ៍ទៅដល់កម្លាំងសមត្ថកិច្ច ឬអង្គភាពការពារកុមារ (CPU)។ ក្រុមការងារចម្រុះនឹងធ្វើគ្រប់យ៉ាង ថែមទាំងប្រើប្រាស់គ្រប់ធនធានដែលយើងមាន ដើម្បីគំណត់អត្តសញ្ញាណជនល្មើសទាំងឡាយ ដែលមានការពាក់ព័ន្ធ ក្នុងការណីឃាតកម្មទៅលើកុមារនេះ ៕