ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានផ្ដល់ទស្សនទានសំខាន់ៗចំនួន ៣ចំណុច ដល់រាជរដ្ឋាភិបាល ដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយពេលវិបត្តិជំងឺកូវីដ១៩ ត្រូវបិទបញ្ចប់ខណៈយន្តការទាំង ៣ចំណុចនោះរួមមានយន្តការរយៈពេលខ្លី មធ្យម និងវែង។
សម្រាប់យន្តការនីមួយៗត្រូវបាន លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើការបកស្រាយនិងពន្យល់តាមរយៈគេហទំព័រហ្វេសប៊ុក ដូចខាងក្រោមនេះ៖
១.យន្តការរយៈពេលខ្លី
ក/ប្រជាពលរដ្ឋខ្មែរទាំងអស់ បូករួមជនបរទេសផងដែរ ត្រូវតែចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នាឲ្យបាន 60ឬ70ភាគរយ នៃប្រជាជនកម្ពុជាសរុប ដើម្បីប្រជាជនទូទៅរស់នៅតាមគន្លងដូចដើម។
ខ/រដ្ឋាភិបាល ត្រូវតែមានគោលការណ៍ជាក់លាក់ ឲ្យប្រជាជនដែលបានចាក់វ៉ាក់សាំងហេីយ គឺមានសិទ្ធិពេញលេញ ក្នុងការធ្វើដំណើរ ធ្វើអាជីវកម្ម ឆ្លង ស្រុក-ខេត្ត ឲ្យមានប័ណ្ណបញ្ជាក់ថា បានចាក់វ៉ាក់សាំងរួចរាល់
គ/រដ្ឋាភិបាលត្រូវតែមានវិធានការ ម៉ឺងម៉ាត់ចំពោះជនបរទេស ជាពិសេស គឺជាមួយជនជាតិចិន និងវៀតណាម ពីព្រោះភាគច្រេីនពួកនេះជាភ្នាក់ងារ ចម្លងកូវីដ១៩ ហើយវាមិនមែនជាការរេីសអេីងជាតិសាសន៍អ្វីនោះទេ ក៏ប៉ុន្តែវាជាការយកចិត្តទុកដាក់ អំពីសុវត្ថិភាពនិងសុខភាពសាធារណ:។
គ/ រដ្ឋាភិបាលគួរបន្តកាត់បន្ថយ នូវការចំណាយផ្សេងៗក្នុងស្ថាប័នរដ្ឋ ណាមិនចាំបាច់រយៈពេល ២ឆ្នាំទៅមុខបន្តទៀត
២.យន្តការរយៈពេលមធ្យម
ក/ គឺត្រូវសង្រ្គោះដល់សហគ្រាសខ្នាតតូច និងមធ្យម តាមរយៈការអនុគ្រោះការយកពន្ធរយៈពេល ២ឆ្នាំ ទៅមុខពីព្រោះ សហគ្រាសបែបលក្ខណៈគ្រួសារ ឬ ក្រុមហ៊ុន ខ្នាតតូច នៅក្នុងស្រុក ភាគច្រើនពួកគេក្ស័យធន់ ដូច្នេះរដ្ឋត្រូវតែជួយចូក-ចែវ ឱ្យរស់ឡើងវិញ ដើម្បីពួកគេមានលទ្ធភាពស្តារនូវ ជីវភាពក្រុមហ៊ុនពួកគេ។ ហើយរដ្ឋត្រូវសម្របសម្រួល ជាមួយនឹងធនាគារជាតិ ក៏ដូចជាធនាគារឯកជន ឲ្យផ្តល់ឱកាសដល់សហគ្រាសខ្នាតតូច មានឱកាសខ្ចីប្រាក់ ដោយបង់ការប្រាក់កម្រិតទាប និងបង់ក្នុងចំនួនតិចតួចប្រចាំខែ រីឯសហគ្រាសខ្នាតតូច យើងផ្តោតលើវិស័យទេសចរណ៍ ឧហ្សាហកម្ម កសិកម្ម។ល។
ខ/ ចំណុចមួយទៀតគឺបង្កើត ការឲ្យយុវជនមានការងារធ្វើ នៅក្នុងដំបន់ឲ្យបានយ៉ាងតិច 70% នៃកម្លាំងយុវជនសរុប នៅក្នុងប្រទេសដើម្បីឲ្យយុវជន ចូលរួមស្តារនូវសេដ្ឋកិច្ចជាតិ តាមរយៈចំណេះ ជំនាញ និងកម្លាំងពលកម្មរបស់ពួកគេ។
គ/ រដ្ឋាភិបាលត្រូវស្វែងរក ទីផ្សារកសិកម្មបន្ទាន់មួយ ដើម្បីជួយដល់កសិករ និងត្រូវបំផុសចលនា ប្រើប្រាស់នូវផលិតផល ក្នុងស្រុកឲ្យមានល្បឿន លឿនបំផុត ព្រមទាំងលើកស្ទួយដល់ អ្នកចិញ្ចឹមសត្វក្នុងស្រុក ដើម្បីផ្តល់ការងារដល់អ្នកស្រុក
ឃ/ លើកទឹកចិត្តដល់ក្រុមហ៊ុនបរទេស ដោយបន្ធូរបន្ថយពន្ធមិនចាំបាច់រយៈពេល ២ឆ្នាំទៅមុខ និងសម្រួលការងាររដ្ឋបាលផ្សេងៗ កុំឲ្យមានភាពស្មុគស្មាញ ដែលជាហេតុធ្វើឲ្យមាន ការរាំងស្ទះទៅដល់ដំណើរការ មុខជំនួញរបស់ពួកគេ។
៣.យន្តការរយៈពេលវែង
ក/ ពន្លឿនល្បើនលុបបំបាត់ អំពើពុករលួយគ្រប់វិស័យ ដើម្បីបង្កើនអ្នកវិនិយោគិនបរទេសសំខាន់ៗ និងជួយដល់អ្នកវិនិយោគ ក្នុងស្រុកផងដែរ។
ខ/ វិស័យកសិកម្ម
• ជួយកសិករឲ្យមាន ប្រភពទឹកឲ្យមានគ្រប់គ្រាន់ ដើម្បីអាចបង្កបង្កើនផលលើសពី ១ដងក្នុងមួយរដូវ
•ជំរុញនិងលើកទឹកចិត្ត កសិករផ្តោតលើការដាំបន្លែដំណាំហូបផ្លែ និង ការចិញ្ចឹមសត្វ ដើម្បីលក់ក្នុង
ទីផ្សារសហគមន៍ ដែលនៅក្បែរពួកគេ
• ក្រសួងពាក់ព័ន្ធគួរផ្តល់ជំនួយ ដល់កសិករទាំងគ្រាប់ពូជ បច្ចេកទេស ហិរញ្ញវត្ថុ និងទីផ្សារដល់
កសិករទាំងឡាយ ដែលត្រូវការជាចាំបាច់។
• ជំរុញការកែច្នៃកសិផល ដើម្បីនាំចេញជាផល សម្រេចចូលទៅទីផ្សារបរទេស។
គ. វិស័យឧស្សាហកម្ម
• ថែរក្សារោងចក្រកាត់ដេរ ដែលមានស្រាប់ឲ្យដំណើរការល្អ និងបន្តស្វែងរកវិនិយោគថ្មីបន្ថែម
• ស្វែងរកអ្នកវិនិយោគរោងចក្រ កែច្នៃវត្ថុធាតុដើមចម្រុះផលិតផល ឲ្យមកវិនិយោគនៅកម្ពុជា
ដើម្បីជួយដល់តម្លៃផលិតផលក្នុងស្រុក និងបង្កើនការងារដល់យុវជន និងពលរដ្ឋខ្មែរ។
ឃ. វិស័យទេសចរណ៍
• បង្កើតដំបន់ទេសចរណ៍ ឆ្នៃប្រឌិតឲ្យបានច្រើននិងសម្បូរបែប ដែលផ្តល់ជម្រើសដល់អ្នកទេស
ចរណ៍ឲ្យមានការជ្រើស ក្រៅពីដំបន់ដែលយើងមាន ស្រាប់ក្នុងពេលបច្ចុប្បន្ននេះ។
ង. វិស័យសំណង់ និងអចលនទ្រព្យ
• ទាក់ទាញអ្នកវិនិយោគ បន្ថែមលើវិស័យនេះ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងសង្កត់ធ្ងន់ថា «គណបក្សយុវជនកម្ពុជា យើងបានប្រមើលឃើញថាយន្តការ៣ធំនេះ សំខាន់ណាស់សម្រាប់ជួយសង្រ្គោះ និងស្ដារសេដ្ឋកិច្ចជាតិ ក្នុងពេលបច្ចុប្បន្ននិងក្រោយចប់វិបត្តិកូវីដ១៩»។
ជាមួយគ្នានេះផងដែរ លោក ពេជ្រ ស្រស់ បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ដើម្បីកម្ពុជាបានវិលទៅរកប្រក្រតី ភាពវិញឆាប់ៗខាងមុខនេះ ៕