ភ្នំពេញ៖ ភ្លើងឆេះព្រៃរាលដាលខ្លាំងពេក ធ្វើឲ្យបុរសចំណាស់ម្នាក់ រត់គេចចេញមិនរួច បណ្តាលឲ្យឆេះស្លាប់ក្នុងភ្នក់ភ្លើង យ៉ាងអាណោចអាធ័មតែម្ដង ។ ហេតុការណ៍នេះកើតឡើង កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅខាងលិចភូមិទឹកចេញ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ភ្លើងកំពុងឆេះយ៉ាងសន្ធោរសន្ធៅ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុជាច្រើននាក់ បាននាំគ្នាទៅជួយពន្លត់ភ្លើង ក៏ប្រទះឃើញសពជនរងគ្រោះឈ្មោះ អ៊ុក ចយភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានភ្លើងឆេះរោលខ្លោចខ្លួន នៅក្នុងព្រៃស្លាប់។
បន្ទាប់ពីបានទទួលព័ត៌មានភ្លាម កម្លាំងនគរបាលស្រុក និងនគរបាលប៉ុស្តិ៍ជីរោទិ៍ទី២ គ្រូពេទ្យមណ្ឌលសុខភាព និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បានចុះដល់កន្លែងកើតហេតុពិនិត្យស្រាវជ្រាវ។
អាជ្ញាធរបានសន្និដ្ឋានថា សព ពិតជាស្លាប់ដោយសារភ្លើង ព្រៃឆេះរាលដាលខ្លាំង ពេលចូលទៅពន្លត់ភ្លើង ដែលកំពុងរាលឆេះព្រៃនោះ ដោយមានខ្យល់ខ្លាំងភ្លើងឆាបឆេះ រត់គេចពីភ្លើងមិនរួច ៕