ភ្នំពេញ៖ ក្រុមជនសង្ស័យជាជនជាតិចិន និងវៀតណាម ១៤នាក់ ដែលប្រើល្បិចបន្លំជាក្រុមគ្រូពេទ្យចុះ នាំខ្លួនជនរងគ្រោះជាជនជាតិចិនម្នាក់ ទៅធ្វើចត្តាឡីស័ក តែបែរជាយកទៅបង្ខាំងជំរិតទារប្រាក់ ៣ម៉ឺនដុល្លារ កាលពីពេលថ្មីៗនេះ ត្រូវបានបញ្ចូនខ្លួនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១នេះ ដើម្បីបន្តនីតិវិធីច្បាប់ ។
គិតត្រឹមរសៀលថ្ងៃខែដដែល តុលាការក៏កំពុងបន្តនីតិវិធីសាកសួរនាំ ដោយពុំទាន់សម្រេចយ៉ាងណានៅឡើយនោះទេ ទៅលើជនសង្ស័យទាំងនោះ ។
សូមរំលឹកថា ក្រុម ជន សង្ស័យ ប្រុស ស្រី ចំនួន ១២ នាក់ បន្លំ ខ្លួន ធ្វើ ជា ក្រុម គ្រូពេទ្យ ចុះយក សំណាក ហើយ ចាប់ ជំរិត ទារប្រាក់ចំនួន ៣ម៉ឺនដុល្លារ ត្រូវ បាន កម្លាំង នគរបាល ជំនាញឃាត់ខ្លួន ។
ករណី ចាប់ ជំរិត ទារ ប្រាក់ នេះ កើតឡើង នៅ ចំណុច ទីតាំង ផ្ទះ លេខ ០៤ និង លេខ០៦ ផ្លូវ លេ ១៤៤ ភូមិ ៦ សង្កាត់ ផ្សារកណ្តាល ទី ១ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ក្នុង សណ្ឋាគារ POSITANO BOUTIQUE HOTEL ហើយ កម្លាំង ជំនាញ បាន រំដោះ បុរស ជនរងគ្រោះ បាន ចំនួន ២ នាក់ ដោយ សុវត្ថិភាព ។
ទាក់ទិនករណីនេះដែរ បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ ក្រុមជនសង្ស័យ បានបន្លំខ្លួនជាក្រុមគ្រូពេទ្យ ដោយបានស្លៀកឈុតសជាគ្រូពេទ្យយ៉ាងត្រឹមត្រូវ នឹងបាននាំគ្នាទៅដល់បន្ទប់របស់ ជនរងគ្រោះជនជាតិចិនម្នាក់ ស្ថិតក្នុងសណ្នាគារ ដឹព្រីនស៍ ស្ថិតនៅផ្លូវលេខ ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានប្រាប់ជនរងគ្រោះថា មានជាប់ពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩ នឹងតម្រូវអោយទៅធ្វើចត្តាឡីស័ក ហើយជនរងគ្រោះក៏យល់ព្រមទៅជាមួយ ។
បន្ទាប់ពីជនរងគ្រោះយល់ព្រមទៅហើយនោះ ក្រុមជនសង្ស័យបាននាំខ្លួនជនរងគ្រោះយកទៅបង្ខាំងទុកនៅសណ្នាគារ SKAYLINE ស្ថិតនៅផ្លូវ១៣៤ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយធ្វើការជំរិតទារប្រាក់ចំនួន ៣ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែង។ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២១ ទើបក្រុមជនសង្ស័យបានដោះលែងជនរងគ្រោះ ក្រោយពីជម្រិតទារប្រាក់បានសម្រេច ។ បន្ទាប់ពីខ្លួនរួចខ្លួនពីកណ្តាប់ដៃរបស់ក្រុមឧក្រិដ្ឋជនខាងលើរួចមក ជនរងគ្រោះ ក៏បានប្តឹងទៅសមត្ថកិច្ចក្រសួងមហាផ្ទៃដើម្បីសុំកិច្ចអន្តរាគមន៍ ហើយក៏ត្រូវបានកម្លាំងនគរបាលពាក់ព័ន្ធ បានបើកការស្រាវជ្រាវរហូត ឈានទៅបង្ក្រាបក្រុមខាងលើបានជាក់ស្តែងតែម្តង ៕






