ដំណឹង! អ្នកធ្លាប់ចូលទីតាំងទាំង ២កន្លែងនេះ សូមប្រញាប់ទៅធ្វើតេស្តបន្ទាន់ ព្រោះមានអ្នកកើតកូវីដ១៩ បានទៅទីនោះ

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានចូលទៅកាន់ទីតាំងទាំង ២កន្លែងនេះ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩​​ ជាបន្ទាន់ ។

យោងតាមហ្វេសប៊ុក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៩ មីនានេះ បានឲ្យដឹងថា ទីតាំងទាំង ២កន្លែងនោះរួមមាន៖

១.តេលា​ ម៉ាត (Tela Mart) ស្ថិតនៅវិថីព្រះនរោត្តម, សង្កាត់ ទន្លេបាសាក់, ខណ្ឌចំការមន មានអ្នកវិជ្ជមានកូវិដ១៩ បានទៅកាន់ទីតាំងនេះ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ម៉ោង ២០៖១៧នាទី ។

២.កន្លែងហាត់ប្រាណ ឈ្មោះ 390 Cross ស្ថិតនៅផ្ទះលេខ ៣Eo, ផ្លូវ ៣៩០ សង្កាត់ បឹងកេងកង៣, ខណ្ឌ បឹងកេងកង មានអ្នកវិជ្ជមានកូវិដ១៩ បានទៅកាន់ទីតាំងនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ។

សម្រាប់កន្លែងដែលអាចទៅធ្វើតេស្តរកកូវីដ១៩ មាននៅ​វិទ្យាល័យ​បាក់ទូក, វិទ្យាល័យ​បឹង​ត្របែក​, មណ្ឌលសុខភាពចាក់អង្រែក្រោម​, មន្ទីរ​ពេទ្យខ្មែរ-សូវៀត​, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​ ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕