ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីតាំង ហាងកាហ្វេ ឈ្មោះ “Wall Café” មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ6A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៣៖២៣នាទី ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ។
យោងតាមហ្វេសប៊ុក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅមុននេះបន្តិច បានឲ្យដឹងថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ធ្លាប់បានចូលទៅហាងនោះ កាលពីម៉ោង ១៣៖២៣នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ។
ចំពោះទីតាំងអាច់ទៅធ្វើតេស្តបានរួមមាន៖ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕