មិនទាន់ចប់ទេ! រដ្ឋមន្ត្រីមុខងារសាធារណៈ បង្វិលសំណុំរឿងគ្រូពេទ្យ ដែលត្រូវបណ្តេញចេញ ពីក្របខណ្ឌទៅឲ្យអភិបាលខេត្តប៉ៃលិន ដោះស្រាយឡើងវិញ

0

ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសម្រេច​បង្វែរសំណុំរឿង របស់​លោក ខឹម មុនីកុសល ជាមន្ត្រីសុខាភិបាល ដែលត្រូវបានលោកស្រី បាន ស្រីមុំ បណ្ដេញចេញពីក្របខណ្ឌ ទៅឲ្យរដ្ឋបាលខេត្តប៉ៃលិន ដោះស្រាយឡើងវិញ ឲ្យស្របតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលមានជាធរមាន​។

ក្នុងលិខិត ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១លោក រដ្ឋមន្ត្រី ព្រុំ សុខា ជម្រាបជូន​លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្រសួងមុខងារសាធារណៈ បានទទួលពាក្យបណ្តឹង​តវ៉ារបស់លោក ខឹម មុនីកុសល អាយុ ៤៨ឆ្នាំ ជាមន្ត្រីសុខាភិបាល នៅការិយាល័យ​បង្ការ និង​គ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាល ខេត្តប៉ៃលិន ដែលបានដាក់ពាក្យប្តឹងជំទាស់ នឹងដីកាលេខ ០១៨/២១ ដក.តត របស់រដ្ឋបាលខេត្តប៉ៃលិន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្តីពី ការអនុវត្តទណ្ឌកម្ម​ខាងវិន័យ​ថ្នាក់ទី២​។

លោករដ្ឋមន្ត្រី លើកឡើងថា «អនុលោម​មាត្រា ៦៧ ដល់មាត្រា ៧០ នៃព្រះរាជក្រឹត្យ ស្តីពី លក្ខន្តិកៈ​ដោយឡែក សម្រាប់​បុគ្គលិក​​រដ្ឋបាល​ថ្នាក់ក្រោមជាតិ និងលិខិតបទដ្ឋាន​គតិយុត្តិដទៃទៀត ខ្ញុំសូម​បង្វែរពាក្យបណ្តឹងតវ៉ានេះ ទៅរដ្ឋបាលខេត្តប៉ៃលិន ដើម្បីបង្កើត​គណៈកម្មាធិការ​សម្រុះសម្រួល​ទំនាស់​ ពាក់ព័ន្ធ​នឹង​កិច្ចការមុខងារសាធារណៈខេត្តប៉ៃលិន ក្នុងការដោះស្រាយ​ករណីនេះ ឲ្យស្របតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលមានជាធរមាន​»។​

លោករដ្ឋមន្ត្រី ព្រុំ សុខា បានជម្រាបជូនលោកស្រី អភិបាលខេត្តប៉ៃលិន សូម​ចាត់ចែង​អនុវត្ត និងដោះស្រាយ​ឲ្យទទួលបាន​លទ្ធផល​ល្អប្រសើរ។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកគ្រូពេទ្យ ខឹម មុនីកុសល បានឡើងមកតវ៉ា នៅរាជធានីភ្នំពេញ ដោយបាន​ដាក់ពាក្យ​បណ្តឹង ទៅក្រសួងសុខាភិបាល និងក្រសួងមុខងារ​សាធារណៈ ដើម្បីជំទាស់នឹងការសម្រេចរបស់​អភិបាល​ខេត្តប៉ៃលិន ដែលបានបណ្តេញរូបលោក ចេញពីក្របខណ្ឌ​មន្ត្រីរាជការ​​។

លោក ខឹម មុនីកុសល អាយុ ៤៨ឆ្នាំ ក្រោយបានបញ្ចប់ការសិក្សា នៅប្រទេសអាល្លឺម៉ង់ នៅឆ្នាំ២០១១ គឺនៅឆ្នាំ២០១២ លោក​បានផ្ទេភារកិច្ច ពីអនុប្រធានការិយាល័យបច្ចេកទេស ទៅបំរើការ ជាអនុប្រធានមន្ទីរពេទ្យខេត្តប៉ៃលិន​។នៅឆ្នាំ២០១៨ លោក ខឹម មុនីកុសល ត្រូវបានប្រធានមន្ទីរសុខាភិបាល ខេត្តប៉ៃលិន សម្រេច​ផ្ទេរពីអនុប្រធានមន្ទីរពេទ្យ​បង្អែកខេត្ត ឲ្យទៅបម្រើការងារ នៅការិយាល័យ​បច្ចេកទេស នៃមន្ទីរសុខាភិបាល ខេត្តប៉ៃលិន​។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញដីកា​ សម្រេចបណ្តេញ​លោក ខឹម មុនីកុសល ចេញពីក្របខណ្ឌ​​មន្ត្រី​សុខាភិបាលជាន់ខ្ពស់។ មូលហេតុ​ ​ត្រូវបាន​លោកស្រី អភិបាលខេត្ត លើក​ឡើងថា «លោក ខឹម មុនីកុសល បាន​ប្រព្រឹត្តិកំហុស និងការឆ្គាំឆ្គង​ក្នុងវិជ្ជាជីវៈ»​៕