ដឹងហើយម្ដេចឡើយនៅតែបំពាន! ចាប់មេខ្យល់ម្នាក់ ដែលនាំពលករខ្មែរ ឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ

0

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ បង្ក្រាបករណីនាំមនុស្សឆ្លងដែនខុសច្បាប់ ដោយចាប់មេខ្យល់ម្នាក់ ដែលលួចនាំពលករចំនួន ៥នាក់ ឆ្លងដែនទៅប្រទេសថៃក្នុងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឱ្យដឹងថា  ជនសង្ស័យជាមេខ្យល់ឈ្មោះ ទូច សម្បត្តិ អាយុ៤០ឆ្នាំ នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ មេខ្យល់នោះបាននាំពលករ តាមរថយន្តម៉ាកកាម៉ារី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2F-5584 ចំនួន៥នាក់ នៅចំណុចភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីឆ្លងដែនទៅថៃ រកការងារធ្វើ។តែត្រូវកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក លេខ៨១៥ និងកម្លាំងនគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងយោធាសឹករងស្រុកម៉ាឡៃបានចាប់។

លោកអធិការបានបន្តថា តាមការបំភ្លឺរបស់ពលករទាំង៥នាក់ បានរៀបរាប់ថា  ពួកខ្លួនត្រូវបានមនុស្សម្នាក់ខល តាមទូរស័ព្ទប្រាប់ឱ្យរង់ចាំបន្តិចទៀត មានរថយន្ត មកដឹកពេលនោះមានរថយន្ត១គ្រឿង បានមកដឹកពួកខ្លួនទាំង៥នាក់តាមការកំណត់ ពីស្រុកសំពៅលូន មកកាន់ស្រុកម៉ាឡៃ ដើម្បីឆ្លងដែនទៅប្រទេសថៃដោយក្នុងម្នាក់ គេយកថ្លៃ៥០០បាត។ លុះមកដល់ភូមិភ្នំរូង អ្នកបើករថយន្តឈប់ហើយបើកទ្វារឱ្យពួកពលកររត់ ប៉ុន្តែរត់រួចតែ២នាក់ ចំណែក៣នាក់ទៀតចេញពីរយន្តមិនរួច។

លោកអធិការនគរបាលស្រុកម៉ាឡៃ បានបញ្ជាក់ទៀតថា បើតាមចម្លើយរបស់មេខ្យល់បានសារភាពថា ខ្លួនពិតជាបានដឹកពលករទាំង៥នាក់នោះមែន ដោយម្នាក់ យកតម្លៃ៥០០បាតពីស្រុកសំពៅលូន មកស្រុកម៉ាឡៃ និងបានបើកទ្វាររថយន្ត ឱ្យពលកររត់នៅពេលឃើញសមត្ថកិច្ច។ដោយផ្អែកលើចម្លើយ បំភ្លឺរបស់ពលករទាំង៥នាក់ និងចម្លើយសារភាពរបស់មេខ្យល់ កម្លាំងជំនាញបានបញ្ជូនខ្លួនមេខ្យល់នោះ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕