ស្រីណាមិនយំ! រស់នៅជាមួយគ្នា៣ឆ្នាំដូចប្ដីប្រពន្ធហើយស្រាប់ តែខាងប្រុសសុំចែកផ្លូវ

0

ភ្នំពេញ៖ នារីម្នាក់ ប្រុងលោតទឹកសម្លាប់ខ្លួន ដោយសារខឹងសង្សារស្រលាញ់គ្នា បីឆ្នាំរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ស្រាប់តែនៅសុខៗ មកសុំចែកផ្លូវគ្នា។ ហេតុការណ៍នេះកើតឡើង នៅម៉ោង០២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន ពីនារីដែលលោតទឹកសម្លាប់ខ្លួនតែមិនស្លាប់ បានឲ្យដឹងថា នាងមានឈ្មោះ ណា អាយុ២៣ឆ្នាំ ស្នាក់នៅម្តុំវត្តសន្សំកុសល ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសង្សារឈ្មោះ ពិសី អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ។

រូបនាងនិងសង្សារ គឺស្រលាញ់គ្នា រយ:ពេល៣ឆ្នាំមកហើយ មិនបានរៀបការនោះទេ តែរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ អញ្ចឹង ហើយមួយរយ:ក្រោយនេះ សង្សារនាងបានសុំនាងចែកផ្លូវគ្នា ដោយលើកហេតុផលថា គ្រួសារមិនពេញចិត្តនាង តែតាមការពិតគឺសង្សារនាង បានលួចទាក់ទងជាមួយស្រីផ្សេង ហើយនាងតាមទាន់ ទើបតូចចិត្តគិតអ្វីមិនចេញ ក៏សម្រេចជិះម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វាតែម្តង ដោយបន្សល់ទុកនូវស្បែកជើងប៉ាត់តាមួយគូ និងកាបូបស្ពាយមួយ នៅលើស្ពានជ្រោយចង្វាជាភ័ស្តុតាង ។

ប្រភពដដែលបន្តទៀតថា ករណីនេះគឺនាងលោតទឹកសម្លាប់ខ្លួន តែម្នាក់ប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ ហើយពេលនាងលោតទឹក គឺនាងសន្លប់បាត់ស្មារតីទៅហើយ ពេលដឹងខ្លួនឡើងវិញ គឺនាងនៅមាត់ច្រាំងទន្លេ ក្បែរផ្ទះប្រជាពលរដ្ឋនៅជិតកន្លែងនោះទៅហើយ ដោយនាងមិនដឹងថា អ្នកណាជាអ្នកជួយនាងទេ តែមានគេប្រាប់ថា មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជាអ្នកជួយនាង ។

បន្ទាប់ពីកើតហេតុ នារីរងគ្រោះត្រូវបានក្រុមគ្រួសារ និងម្តាយនាងមកដល់កន្លែងកើតហេតុ លួងលោមនាំនាងត្រឡប់ទៅផ្ទះវិញ ៕